(កណ្ដាល)៖ បុរសម្នាក់ទារលុយម្ដាយជរាមិនបានតាមចិត្ត កើតចិត្តក្ដៅក្រហាយ ទាញកាំបិតផ្គាក់ដេញកាប់ម្ដាយជរា និងក្មួយបង្កើតរបស់ខ្លួនរត់ពេញផ្ទះ សំណាងចេញក្រៅផ្ទះទាន់ស្រែកហៅអ្នកភូមិជួយអន្តរាគមន៍ និងសមត្ថកិច្ចមកចាប់ខ្លួនទាន់ពេលវេលា។

ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។  

តាមរបាយការណ៍ ជនរងគ្រោះចំនួន០២នាក់ រួមមាន៖

*ទី១៖ ឈ្មោះម៉ុត ខុម អាយុ៧៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ម្ដាយបង្កើត)
*ទី២៖ ឈ្មោះ រី ភ័ត្រ្តា អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ក្មួយបង្កើត) មុខរបរកសិករ។

ជនសង្ស័យឈ្មោះ កើត ណារុន អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (បច្ចុប្បន្ននៅស្រុកស្អាង ផ្ទះខាងប្រពន្ធ)។
មុខរបរកសិករ (ឃាត់ខ្លួន)។

ជនសង្ស័យខាងលើធ្លាប់បានប្រើអំពើហិង្សាមកលើម្ដាយជាច្រើនលើកមកហើយ តែម្ដាយចេះតែអាណិត ត្រឹមតែហៅមកអប់រំ ប៉ុន្តែលើកនេះដោយសារអត់ទ្រាំមិនបាននឹងទង្វើតិរច្ឆាននេះ ម្ដាយជរា ក៏ដាច់ចិត្តប្ដឹងកូនបង្កើតរបស់ខ្លួន ទៅសមត្ថកិច្ចឲ្យចាត់ការតាមនីតិវិធី៕