(ក្រចេះ)៖ លោក ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេស នាយកដ្ឋានផ្លូវលំ និងអមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចុះពិនិត្យស្ថានភាពផ្លូវចំនួន៧ខ្សែ ក្នុងខេត្តក្រចេះ ដែលរងគ្រោះដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ។

លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹង នៅរសៀលថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២៣ថា ផ្លូវដែលរងផលប៉ះពាល់មានចំនួន៤ស្រុក ដែលមានផ្លូវរងការខូចខាតត្រូវជួសជុលឡើងវិញចំនួន៧ខ្សែ ក្នុងខេត្តក្រចេះរួមមាន៖

*ទី១៖ ផ្លូវលំនៅពីភូមិក្រូចទៅគីឡូ២៧ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង
*ទី២៖ ខ្សែទី២ ផ្លូវពីភូមិកាប៉ូទៅភូមិម្រើម ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី
*ទី៣៖ ខ្សែទី៣ ផ្លូវពីភូមិថ្មរាបឆ្ពោះទៅភូមិបុកទឹក ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ
*ទី៤៖ ខ្សែទី៤ ផ្លូវពីភូមិខ្សាត់ទៅភូមិស្ទឹងទ្រ ស្ថិតក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ
*ទី៥៖ ខ្សែទី៥ ផ្លូវពីភូមិព្រែកក្តីទៅភូមិក្រសាំង ស្ថិតក្នុងឃុំស្នួល ស្រុកស្នួល
*ទី៦៖ ខ្សែទី៦ ផ្លូវពីភូមិស្រែទ្រៀកទៅភូមិក្រឡាញ់ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង
*ទី៧៖ ខ្សែទី៧ ផ្លូវពីភូមិប្រហួតទៅភូមិស្រែទ្រៀក ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង។

លោកបញ្ជាក់ទៀតថា ក្នុងចំណោមផ្លូវដែលរងផលប៉ះពាល់ទាំង៧ខ្សែនោះ មានពីខ្សែជាផ្លូវកៅស៊ូ ហើយពីខ្សែទៀតកំពុងថែទាំ និងបីខ្សែក្រសួងកំពុងចុះត្រួតពិនិត្យ និងវាយតម្លៃដើម្បីធ្វើសំណើសុំថវិកាពីក្រសួងសេដ្ឋ កិច្ចហិរញ្ញវត្ថុ ដើម្បីធ្វើការជួសជុលនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។

លោកថា «ផ្លូវទាំងអស់នោះយើងនៅអាចធ្វើចរាចរណ៍បាន មិនទាន់ដល់ថ្នាក់ស្ទះចរាចរណ៍នោះឡើយ រីឯផ្លូវលំនៅស្រុកឆ្លងដែលមានការដាច់ផ្លូវចន្លោះពី៣០ទៅ៤០ម៉ែត្រនោះ មុននឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកាឲ្យធ្វើបានល្អដូចដើម មន្ទីរអភិវឌ្ឍន៍បាននិងកំពុងសម្របសម្រួលដើម្បីឲ្យអាចធ្វើចរាចរណ៍ជាបណ្ដោះអាសន្នសិន»៕