(ភ្នំពេញ)៖ ក្រុមហ៊ុន Microsoft បានសហការជាមួយ STEM Cambodia នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ បើកសម្ពោធជាផ្លូវការនូវកម្មវិធី Microsoft Student Partners នៅកម្ពុជា ដើម្បីបណ្ដុះជំនាញផ្នែកបច្ចេកវិទ្យាក្នុងចំណោមយុវវ័យ តាមរយៈការបង្កើតវេទិកាលើកកម្ពស់សហគមនិស្សិត ដោយផ្ដោតលើបច្ចេកវិទ្យា និងការទទួលបានមធ្យោបាយ និងធនធានបច្ចេកវិទ្យាថ្មីៗ ហើយនឹងជួយឲ្យនិស្សិតកម្ពុជាទទួលបានលទ្ធភាពស្វែងយល់អំពីបច្ចេកវិទ្យាកាន់តែច្រើន និងឱកាសអភិវឌ្ឍជំនាញបច្ចេកទេស ដែលពួកគេត្រូវការ នៅយុគសម័យដែលសេដ្ឋកិច្ចសាកលពឹងផ្អែកលើបច្ចេកវិទ្យា។
ក្រុមហ៊ុនMicrosoft នឹងជ្រើសរើសដៃគូរនិស្សិតMicrosoft Student Partnersប្រមាណ១០០នាក់ ពីស្ថាប័នឧត្តសិក្សានានា ក្នុងរយៈពេល១២ខែទៅមុខទៀតតាមរយៈអង្គការ STEM Cambodia សម្រាប់និស្សិត ដែលបានជ្រើសរើស គឺត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុន Microsoft នៅតាមសាលារបស់ខ្លួន ព្រមទាំទទួលបន្ទុក រៀបចំ ព្រឹត្តិការណ៍ដើម្បីចែករំលែកចំណេះដឹង និងចំណង់ចំណូលចិត្តចំពោះបច្ចេកវិទ្យាជាមួយសិស្ស-និស្សិតឯទៀតដោយទទួលបានការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកវិទ្យាថ្មីៗ និងឯកសារយោងពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាឱកាសបានធ្វើការជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Microsoft ផងដែរ។ ហើយសម្រាប់កម្មវិធី Microsoft Student Partners គឺជ្រើសរើសនិស្សិតទាំងអស់ មិនថានិស្សិតដែលកំពុងសិក្សាពេញម៉ោង ថ្នាក់ឧត្តមសិក្សា ឬកំពុងរៀននៅតាមស្ថាប័នពហុបច្ចេកវិទ្យា ឬសាកលវិទ្យាល័យនោះទេ។
លោក Allen Dodgson Tan នាយកប្រតិបត្តិអង្គការ STEM Cambodia បានឲ្យដឹងថា ការផ្ដល់ឲ្យនិស្សិតកម្ពុជានូវវេទិកាបច្ចេកវិទ្យាជាសកលមួយនេះ ដើម្បីកសាងចំណេះដឹង បច្ចេកទេស ភាពជាអ្នកដឹកនាំនិងជំនាញប្រាស្រ័យទាក់ទងរបស់គេ ហើយកិច្ចការទាំងនោះគឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ដោយយុវវ័យទាំងអស់គួរតែមានចំណេះដឹងជាមូលដ្ឋានអំពីវិទ្យាសាស្រ្ដកុំព្យូទ័រ និងការប្រើប្រាស់សម្រាប់ពេលអនាគត។
លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា «ការលើកកម្ពស់ការអប់រំផ្នែក STEM ក្នុងយុវវ័យជំនាន់ក្រោយ ជាគន្លឹះសម្រាប់បន្ដអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័សបើកចំហ និងផ្ដោតលើជំនាញនៅកម្ពុជា ហើយខ្ញុំមានការរីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុននាំមុខគេនៅសហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Microsoft បានបង្កើតឱកាសដើម្បីអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា»។
លោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាបានថ្លែងថាការបង្កើត Microsoft Student Partners ជាសកម្មភាពមួយសំខាន់ក្នុងការអភិវឌ្ឍន៍ចំណេះដឹង និងជាគោលដៅតែមួយគត់ គឺធ្វើឲ្យប្រសើរឡើងទាំងបរិមាណ គុណភាព នៃវិស័យអប់រំនៅកម្ពុជា។ កម្មវិធី Microsoft Student Partners និងបង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលអាចចូលរួមបន្លឿនការអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងការពង្រឹងជំនាញវិជ្ជាជីវៈដែលជាកត្តាមិនអាចខ្វះបាន។
គួរបញ្ជាក់ផងដែរថា កម្មវិធី Microsoft Studen Partners បានចាប់ផ្ដើមអនុវត្តដំបូងក្នុងឆ្នាំ២០០៦ ដែលមកដល់ពេលនេះ ត្រូវបានអនុវត្តនៅជា១០០ប្រទេសជុំវិញពិភពលោក និងមានសមាជិក MSP ៦៥៦នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សា ២៧៥ផ្សេងគ្នា៕