(ក្រុងរីយ៉ូ)៖ សមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Patrick Hickey ត្រូវបានប៉ូលិសប្រេស៊ីលចាប់ឃាត់ខ្លួននារសៀលថ្ងៃពុធ ទី១៧ ខែសីហានេះ ពាក់ព័ន្ធការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍កីឡា Rio Olympic Games 2016 កេងចំណេញខ្លួនឯង ដែលកំពុងធ្វើឡើងនៅប្រេស៊ីល។
សារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយឲ្យដឹងថា ប៉ូលិសប្រេស៊ីលបានធ្វើចាប់ខ្លួនបុរសវ័យ ៧១ឆ្នាំ Hickey ក្នុងបន្ទប់សណ្ឋាគារ ដែលកំពុងស្នាក់នៅជាមួយកូនប្រុសម្នាក់ ក្នុងឱកាសរៀបចំកីឡា Olympic Games 2016 នៅទីក្រុង Rio de Janeiro ក្រោយពីទទួលបានរបាយការណ៍ មានភាពមិនប្រក្រតីពីការលក់សំបុត្រ Rio Olympic។
មុនឈានដល់ការចាប់ខ្លួននេះដែរ គឺធ្វើឡើងត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយពីការចាប់បានបុរសម្នាក់ដែលបានលក់សំបុត្រ Rio ខុសច្បាប់មានរហូតដល់ជាង ៨០០សន្លឹក។
ភ្លាមៗនោះ លោក Hickey ក៏បានព្យាយាមរត់គេចខ្លួនផងដែរ តែយឺតពេលទៅហើយ ហើយក៏បានធ្លាក់ខ្លួនដែរ ក្រោយពេលប៉ូលិសចាប់បាន។
លោក Patrick Hickey ដែលជាប្រធានគណៈគម្មាធិការអូឡាំពិកប្រចាំទ្វីបអឺរ៉ុប និងត្រូវបានជាប់ឆ្នោតជាក្រុមប្រឹក្សានៃ IOC តាំងពីឆ្នាំ២០១២ នោះ ត្រូវបានប៉ូលិសដាក់ការសង្ស័យថា បានលួចដំឡើងតម្លៃសំបុត្រ VIP ចូលទស្សនា Rio Olympic 2016 ដែលគិតជាទឹកប្រាក់ច្រើនជាង ៧៨០០ដុល្លារអាមេរិក៕