(ស្វាយរៀង)៖ លោក ស​ សុដានី​ ប្រធានអនុគណៈកម្មការ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និងស្តង់ពិព័ណ៌​ តំណាងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់អនុគណៈកម្មការ ដើម្បីពិភាក្សាលើការរៀបចំសណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀង​។

លោក ស សុដានី បានថ្លែងថា កិច្ចប្រជុំនេះសំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តស្វាយរៀង ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ជាពិសេសបង្កើតបរិយាកាសឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយផងដែរ។

លោកបានបន្តថា នៅព្រឹកនេះ ក្រុមការងារក៏បានចុះនៅតាមទីតាំងនានាសម្រាប់អនុវត្តមានដូចជា ពិនិត្យទីតាំង​សសម្រាប់រៀបស្តង់ពិព័ណ៌លក់ផលិតផលផ្សេងៗ។ ពិនិត្យទីតាំងការពារសន្តិសុខ សណ្តាប់​ធ្នាប់ និងក្រុមគ្រូពេទ្យប្រចាំការជាដើម ដើម្បីបែងចែកតួនាទីភារកិច្ចទៅដល់អ្នកពាក់ព័ន្ធ សម្រាប់អនុវត្តក្នុងថ្ងៃប្រារព្ធពិធីប្រណាំងទូកផងដែរ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀងឆ្នាំនេះ គ្រោងរៀបចំប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​ខាងមុខ​ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយផងដែរ៕