(កណ្ដាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអះអាងថា «ភារកិច្ចរបស់អង្គរក្ស គឺមានតួនាទីការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលៗ ទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ លើទឹកដីនៃកម្ពុជាយើង»។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ បែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងផ្តល់បទឧទ្ទេសនាម ជាមួយសមណសិស្ស-និស្សិត ព្រមទាំងនិស្សិតបញ្ញវន្ត១០៧៤អង្គនាក់ ក្រោមប្រធានបទ «ស្តីពីតួនាទី និងភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្ស» ស្ថិតក្នុងបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។
ការប្រារព្ធពិធីនេះ ឡើងដោយមានការចង់ដឹង និងសិក្សាស្រាវ របស់សមណសិស្ស-និស្សិត និងបញ្ញវន្តដែលមកពីភ្នំពេញ និងខេត្តស្វាយរៀង ដើម្បីមកដកស្រង់បទពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់បញ្ជាការដ្ឋានអង្គរក្ស។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ផងដែរថា កម្លាំងអង្គរក្សមានតួនាទីយ៉ាងសំខាន់ ក្នុងការការពារ បូរណភាពទឹកដី ជាក់ស្តែងកាលពីឆ្នាំ២០០៨ កន្លងទៅ នៅពេលស្ថានការប៉ះទង្គិចដោយអាវុធ នៅតាមបណ្តោយព្រំំដែន ប្រាសាទព្រះវិហារ ពេលនោះកម្លាំងអង្គរក្ស បានប្រយុទ្ធការពារ និងជាកម្លាំងអន្តរាគមន៍រហ័ស សង្គ្រោះនៅតំបន់ជួមុខប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី យ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍បន្ថែមថា ក្រៅពីតួនាទី និងកាតព្វកិច្ចខាងលើនេះ កម្លាំងអង្គរក្សបានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយស្ទូងដក ធ្វើស្រែចម្ការ ជូនចាស់ជរា ស្រ្តីមេម៉ាយ ដែលខ្វះកម្លាំងពលកម្មជាដើម។ ក្រោយពីចប់កម្មវិធី ក៏មានការរៀបចំអាហារថ្ងៃត្រង់ ជូនសមណសិស្ស និងនិស្សិត បញ្ញវន្តផងដែរ៕