(កំពង់ធំ)៖ លោក អេង ជាសាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកពូជស្រូវសែនក្រអូប សម្រាប់បម្រុងទុករបស់រាជរដ្ឋាភិបាលប្រមាណ៥៤តោន ចុះផ្តល់ជូនប្រជាកសិករចំនួន៥៤១ គ្រួសារមកពីឃុំចំនួន ៤ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីស្តារការធ្វើស្រែឡើងវិញ ក្រោយការលិចលង់ដោយសារជំនន់ទឹកភ្លៀងបណ្តាលឱ្យខូចខាតកាលពីពេលកន្លងទៅ។

នាឱកាសនោះលោក អេង ជាសាន បានណែនាំបងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឲ្យបានជាក់លាក់បំផុតមុន នឹងធ្វើស្រូវមិនប្រកាន់រដូវដើម្បីចៀសវាងផលប៉ះពាល់ ផ្សេងៗ ជាពិសេសការជនលិចដោយសារជំនន់ទឹកភ្លៀងក៏ដូចជាជំនន់ស្ទឹងស្ទោង ដើម្បីឲ្យការប្រកបកសិកម្មស្រែស្រូវ ដំណាំផ្សេងៗពិសេសស្រូវមិនប្រកាន់រដូវទទួលបានទិន្នផលដូចបំណង។

លោកបានណែនាំដល់ប្រជាកសិករត្រូវព្រោះស្ដារឡើងវិញ ឲ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាលជាពិសេសនៅក្នុងពេលដែលទឹកបានស្រកនេះ ហើយត្រូវរក្សាប្រភពទឹកនិងប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ និងសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប និងឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។

លោក អេង ជាសាន បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវសែនក្រអូបនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូន ប្រជាកសិករដែលបានរងគ្រោះជនលិចនារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ចជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ផងដែរ។

គួរបញ្ជាក់ថា ស្រូវពូជសែនក្រអូបដែលបានចែកជូននៅពេលនេះមានចំនួន ៥៤តោន និង ១០០គីឡូក្រាម ជាពូជបំរុងទុកមិនប្រកាន់រដូវ ដែលប្រជូនដល់ប្រជាកសិករដែលមានជីវភាគខ្វះខាត រងគ្រោះដោយសារជំនន់រដូវ វស្សាកន្លងទៅ និងមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ចំនួន ៥៤១គ្រួសារ អញ្ជើញមកពីឃុំចំនួន ៤ នៅក្នុងស្រុកស្ទោងនិងត្រូវព្រោះស្តារលើផ្ទៃដីចំនួន ៣៤០.៣៤ ហិចតា៕