(សៀមរាប)៖ បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សាអស់រយៈពេល១១ខែ កន្លងមក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាបរិវេណសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងារអប់រំបេតិកភណ្ឌ លោក អ៊ុន មណីនីតា ប្រធានអង្គការមរតកវប្បធម៌ខ្មែរ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

លោក ឡុង កុសល បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រ មិនថាកម្មវិធីរបស់សាលារៀន ឬកម្មវិធីអប់រំអំពីបេតិកភណ្ឌ ផ្សារភ្ជាប់ការទំនាក់ទំនង និងភាពស្មោះត្រង់ គឺជាស្ពាននៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខរបស់សិស្សទាំងអស់គ្នា ដើម្បីក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេនមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។

លោកបានបន្តថា អ្វីៗដែលអាជ្ញាធរជាតិអប្សរា បានបំពេញក្នុងពេលនេះ គ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះ ដើម្បីជំរុញឱ្យសិស្សទទួលបានចំណេះដឹងអំពីការចូលរួមការពារ ថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌរបស់ជាតិ។

លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានឱ្យដឹងថា ក្នុងរយៈពេល១១ខែនៃការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌ និងកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្ស ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះទាំងនេះជាមូលដ្ឋានគ្រឹះដ៏ល្អប្រសើរសម្រាប់ពួកគាត់ស្វែងយល់ក្នុងពេលអនាគត ក្នុងនាមជាអ្នកបន្តវេនប្រពៃណី មរតកវប្បធម៌ខ្មែរ។

លោកបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា អង្គការមរតកវប្បធម៌ខ្មែរ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានគាំទ្រក្នុងដំណើរការបង្រៀនកម្មវិធីអប់រំបេតិកភណ្ឌនេះ តាំងពីចាប់ផ្តើមរហូតដល់បិទបញ្ចប់វគ្គបណ្តុះបណ្តាល។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌពិតមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយបានយល់ដឹងអំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជនបានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ចនៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគំរូដល់សហគមន៍របស់ខ្លួន៕