ក្រសួងធម្មការ ប្រគេនព្រះប្រកាសនីយប័ត្រ ដល់មន្រ្តីសង្ឃ២០៧អង្គ ដើម្បីបំពេញសិទ្ធិគ្រប់គ្រងព្រះសង្ឃ និងពុទ្ធបរិស័ទ
17-08-2016 18:00
(បន្ទាយមានជ័យ)៖ លោក នរ រតន:វឌ្ឍនោ រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីប្រគេនព្រះប្រកាសនីយប័ត្រ ថ្វាយដល់ព្រះគ្រូចៅអធិការ គ្រូសូត្រឆ្វេង សូត្រស្ដាំ និងមន្រ្តីសង្ឃ ចំនួន២០៧អង្គ មកពីសាលាគណ និងសាលាអនុគណនានា ក្នុងខេត្តបន្ទាយមានជ័យ។
ពិធីប្រគេនព្រះប្រកាសនីយប័ត្រនេះ ធ្វើឡើងដើម្បីបំពេញបន្ថែមតួនាទី ភារកិច្ច ដល់មន្ត្រីសង្ឃដែលមិនទាន់ពេញសិទ្ធមួយចំនួន ឲ្យទទួលបានសិទ្ធពេញលិញ ក្នុងការដឹកនាំ គ្រប់គ្រងព្រះសង្ឃ ព្រះពុទ្ធសាសនាទូទាំងខេត្ត ដែលកម្មវិធីនេះ ក៏មានការចូលរួមពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះតំណាងគណៈសង្ឃនាយក, លោកអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ប្រមាណ៩០០អង្គ/នាក់៕