(តាកែវ)៖ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក មាស អ៊ុយ នាយករដ្ឋបាលសាលាខេត្តតាកែវ លោកស្រី ម៉ម រតនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តចំនួន៤ រួមមាន៖ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត សរុបប្រមាណ១០០រូប នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Alice Villa ខេត្តតាកែវ​ ។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើប្រធានបទ៖ ការផ្សព្វផ្សាយអនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុចរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្ត្រីក្នុងភាពជាអ្នកដឹកនាំ, ការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ, និងការជំរុញសកម្មភាពស្ត្រីក្នុងការចាប់យកជំនាញឌីជីថល។

នៅក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានថ្លែងថា ការផ្តល់ឱកាស និងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ស្របជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឲ្យប្រសើរឡើង នូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖

១៖ បន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ច ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រី ក្នុងការផ្តល់ឱកាសដល់ស្ត្រី ឲ្យទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត
និង២៖ បន្តបង្កើនសមាមាត្រការចូលរួមរបស់ស្ត្រី ឲ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រី ក្នុងគ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

ឆ្លៀតឱកាសនេះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ដែលតែងតែឧបត្ថម្ភគាំទ្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយលោកស្រី ក៏បានថ្លែងអំណរគុណដល់វាគ្មិន ដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗជូនសិក្ខាកាម និងមានសង្ឈឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងបន្ថែមនូវចំណុចសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបន្តផ្សព្វផ្សាយនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត៕