(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា ស្ថានទូតបារាំងនឹងតាំងបង្ហាញរូបថតប្រទេសកម្ពុជា ដែលត្រូវបានថតពីលើអាកាស និងតាមរយៈផ្កាយរណបក្នុងអំឡុង ៧០ឆ្នាំចុងក្រោយ។ រូបថតទាំងនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសម្រាប់អភិវឌ្ឍន៍(IRD)របស់បារាំង។

រូបថតពីលើអាកាសចំនួន៣០ផ្ទាំង ថតពីឆ្នាំ១៩៥០មកដល់បច្ចុប្បន្ន នឹងបង្ហាញពីការប្រែប្រួលសណ្ឋានដីនៃប្រទេសកម្ពុជាក្នុងអំឡុងជាច្រើនទសវត្សរ៍ ដែលបញ្ជាក់ពីការវិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ នៅលើជញ្ជាំងរបងនៃស្ថានទូតបារាំងប្រចាំកម្ពុជា។

ដោយបំពេញការងារយ៉ាងសកម្មនៅកម្ពុជាអស់រយៈពេលប្រមាណ ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើត ភាពជាដៃគូស៊ីជម្រៅជាមួយសាកលវិទ្យាល័យ និងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមានបម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហប្រតិបត្តិការទាំងនេះផ្តោតលើកសិកម្មប្រកបដោយនិរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហាបរិស្ថាន។

ការសង្កេតផែនដី ដោយផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍ចាប់យករូបភាពបំពាក់លើយន្តហោះ ផ្កាយរណប ឬយានគ្មានមនុស្សបើក(ដ្រូន) អនុញ្ញាតឱ្យគេពណ៌នា និងឃ្លាំមើលធនធានធម្មជាតិ ព្រមទាំងការរៀបចំ និងការប្រែប្រួលធនធានទំាងនោះ។ វិទ្យាស្ថាន IRD អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍ឌីជីថល និងគម្រូបង្កើតថ្មីនានា ដើម្បីវិភាគរូបភាពក្នុងគោលដៅទទួលបានព័ត៌មានស្តីពីការប្រែប្រួលទេសភាព។

ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់រូបភាពដំបូងៗថតពីផ្កាយរណបដែលសង្កេតមើលផែនដីក្នុងអំឡុងឆ្នាំ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់រូបភាពជាច្រើនក្នុងកម្រិតច្បាស់ល្អទៀតផង។ ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការវិភាគរូបភាពពីអាកាស និងលទ្ធភាពទទួលបានទិន្នន័យផ្នេងៗ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នាបង្កើតមន្ទីរពិសោធន៍ខ្មែរសម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory- KHEOBS) កាលពីឆ្នាំ២០២២។ ដោយទទួលបានការជួយជ្រោមជ្រែងពីស្ថាប័នបារាំង មន្ទីពិសោធន៍ KHEOBS បានប្រមូលផ្តុំអ្នកវិទ្យាសាស្រ្ត និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលលើប្រធានបទផ្សេងៗ។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «KHEOBS គឺជាមន្ទីរពិសោធន៍ឈានមុខក្នុងការបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ ក៏ដូចជាពង្រឹងសកម្មភាព និងគម្រោងនានា ដែលប្រើប្រាស់ឧបករណ៍បង្កើតថ្មីសម្រាប់សង្កេតផែនដីនៅកម្ពុជា និងក្នុងកម្រិតតំបន់។ គម្រោងនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីគុណភាពនៃកិច្ចសហប្រតិបត្តិការរបស់យើងលើផ្នែកវិទ្យាសាស្រ្ត ដោយហេតុថា ពីមុនមក មិនមានស្ថាប័ននៅកម្ពុជាច្រើននោះទេដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនេះ»

ក្នុងអំឡុងឆ្នាំ១៩៥០ បារាំងជាប្រទេសដំបូងគេដែលបានថតដែនដីកម្ពុជាពីលើយន្តហោះ ដើម្បីរៀបចំបង្កើតផែនទីផ្សេងៗ ដោយសហការជាមួយវិទ្យាស្ថានព័ត៌មានភូមិសាស្រ្ត និងព្រៃឈើបារាំង (IGNFI)។ នៅកម្ពុជា ក្នុងចន្លោះ ឆ្នាំ១៩៥២និង១៩៥៤ វិទ្យាស្ថាន IGNFI បានផ្តិតយករូបភាពប្រមាណ ១១ ០០០សន្លឹក ដែលគ្របដណ្តប់មួយផ្នែកធំនៃទឹកដីកម្ពុជា។ បច្ចុប្បន្ន បណ្តុំរូបថតទាំងនេះគឺជាបណ្ណសារដ៏វិសេសវិសាលដែលនាំយើងត្រលប់ទៅកាន់ទេសភាពទីក្រុង និងជនបទកាលពី៧០ឆ្នាំមុន។ រូបថតឯកសារទាំងនេះគឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។

ដើម្បីប្រែក្លាយរូបថតទាំងនោះជាឯកសារឌីជីថល សម្រាប់ការចូលមើល និងស្រាវជ្រាវដោយឥតគិតថ្លៃ ស្ថានទូតបារាំងកំពុងគាំទ្រដល់គម្រោងបណ្ណសាររូបថតពីលើអាកាស «Khmer Aerial Photographic Archive» (KAPA) អនុវត្តដោយវិទ្យាស្ថាន IRD និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងក្របខ័ណ្ឌមន្ទីរពិសោធន៍ KHEOBS ដោយរួមសហការជាមួយវិទ្យាស្ថាន IGNFI ។ រូបថតឯកសារទាំងនេះនឹងប្រគល់ជូនប្រទេសកម្ពុជានៅពេលបញ្ចូលក្នុងប្រព័ន្ធកុំព្យុទ័រជាទម្រង់ឌីជីថលរួចរាល់។

ចាប់ពីឆ្នាំ១៩៨០មក រូបភាពតាមប្រព័ន្ធផ្កាយរណបដែលតាមដានផែនដីពីចម្ងាយ ត្រូវបានអភិវឌ្ឍ ជាពិសេសដោយមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការសិក្សាលំហអាកាស (CNES)។ វិទ្យាស្ថាន IRD បានដើរតួនាទីសំខាន់ក្នុងការបង្កើតវិធីសាស្រ្តវិភាគរូបភាព ដើម្បីស្វែងយល់ពីការប្រែប្រួលសណ្ឋានដី តាមរយៈការវាស់វែង និងវិភាគការវិវឌ្ឍក្រុង កសិកម្ម និងព្រៃឈើ។ សមត្ថភាពវិភាគទិន្នន័យធំៗអនុញ្ញាតឱ្យគេប្រើប្រាស់រូបភាពទាំងនេះ ដើម្បីឃ្លាំមើលបម្រែបម្រួលបរិស្ថាន និងជលសាស្រ្ត និងបង្កើតប្រព័ន្ធផ្តល់ដំណឹង។

ក្រៅពីរូបភាពខាងលើ ក៏មានរូបភាពថតដោយដ្រូនដែលមានលក្ខណៈច្បាស់ល្អ។ បច្ចេកទេសថ្មីៗក្នុងការវិភាគរូបភាពកំពុងត្រូវបានអភិវឌ្ឍដើម្បីសិក្សាពីការប្រែប្រួលសណ្ឋានដី។ បច្ចេកទេសទាំងនេះត្រូវបានប្រើប្រាស់យ៉ាងច្រើននៅកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការសង្កេតបរិស្ថាន ដោយសហការជាមួយស្ថាប័នស្រាវជ្រាវនានា។

សូមបញ្ជាក់ផងដែរថា ក្នុងក្របខ័ណ្ឌខួប៧០ឆ្នាំនៃឯករាជ្យរបស់កម្ពុជា ស្ថានទូតបារាំងនៅកម្ពុជានឹងរៀបចំកម្មវិធីវប្បធម៌ជាច្រើនទៀត ក្នុងនោះមានការធ្វើសន្និសីទ និងការបញ្ចាំងភាពយន្តនៅវិទ្យាស្ថានបារាំងនៅកម្ពុជា រួមទាំងការតាំងពិព័រណ៍មួយទៀតនៅសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ៕