(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំពុងរៀបចំឱ្យមានស្ដង់ដារួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍កម្រិត២ សម្រាប់មុខជំនាញការិយាល័យជួរមុខ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីផ្ដល់ឱ្យសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទូទាំងប្រទេសមានស្ដង់ដាបណ្ដុះបណ្ដាលដូចៗគ្នា ផ្ដល់វិញ្ញាបនបត្រដល់សិស្សដូចគ្នា និងដើម្បីបើកច្រកឱ្យសិក្ខាកាមទទួលសញ្ញាបត្រស្ដង់ដាមួយ មុនឈានទៅបន្តការសិក្សានៅកម្រិតខ្ពស់ៗបន្តបន្ទាប់ទៀត។

ដំណើរការរៀបចំស្ដង់ដាបណ្ដុះបណ្ដាលថ្នាក់ជាតិនេះបានឈានដល់ការពិគ្រោះយោបល់រវាងភាគីរដ្ឋ ភាគីឯកជន តំណាងសាលាបណ្ដុះបណ្ដាល តំណាងដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធផ្សេងៗទៀត ហៅថា «សិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសេចក្ដីព្រាងកម្រងសមត្ថភាព និងស្ដង់ដាសមត្ថភាពសម្រាប់រៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ វិញ្ញាបនបត្រលើជំនាញការិយាល័យជួរមុខ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ» ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានបាយ័ន មុខមន្ទីរពេទ្យកាល់ម៉ែត។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគម្រោងបណ្ដុះបណ្ដាល HoKa បានឱ្យដឹងថា ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន២ដងរួចមកហើយ ដើម្បីប្រមូលធាតុចូលពីអ្នកជំនាញក្នុងការរៀបចំគុណវឌ្ឍិជាតិខាងលើនេះ។ ក្រោយមកក៏ចងក្រងបាននូវសេចក្ដីព្រាងឯកសារស្ដង់ដាបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ​ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីយកមកពិគ្រោះយោបល់ក្នុងសិក្ខាសាលានាថ្ងៃនេះ ដែលមានការត្រួតពិនិត្យរួមគ្នា ទាំងមន្ត្រីជំនាញមកពីវិស័យរដ្ឋ តំណាងវិស័យឯកជន តំណាងសាលាបណ្ដុះបណ្ដាល តំណាងដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធផ្សេងៗទៀត។

លោក ជួប​ រតនា បានបន្តថា ឯកសាររបស់ជាតិនេះនឹងត្រូវប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលដល់សិស្ស និងសិក្ខាកាមនៅតាមសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទូទាំងប្រទេស ពោលគឺបណ្ដុះបណ្ដាលតាមស្ដង់ដាដូចៗគ្នាតែម្ដង។

លោកបានបន្តទៀតថា ការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២នេះដែរ គឺនឹងចូលរួមគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជន១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលជាគោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

ពិសេសជាងនេះ វិញ្ញាបនបត្រលើជំនាញការិយាល័យជួរមុខ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះ ក៏ជាការបើកច្រកដល់យុវជនឱ្យទទួលបានជំនាញវិជ្ជាជីវៈកម្រិតបឋម និងកម្រិត២ ដែលអាចឱ្យពួកគាត់បន្តការសិក្សានៅកម្រិតខ្ពស់ៗបន្តបន្ទាប់ទៀត។

លោក ថៃ ឆារ៉ាត់ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC បានបញ្ជាក់ថា ការរៀបចំឱ្យមានស្ដង់ដារួមសម្រាប់ការបណ្ដុះបណ្ដាលជំនាញការិយាល័យជួរមុខ​ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះ នឹងជួយឱ្យសាលាទូទាំងប្រទេស ក៏ដូចជាវិទ្យាស្ថាន NPIC ផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្ស សិក្ខាកាមស្របតាមស្ដង់ដារួមរបស់ជាតិ ដោយហេតុថា កន្លងមក តាមសាលានីមួយៗផ្ដល់ការបណ្ដុះបណ្ដាលដល់សិស្សតាមកម្មវិធីបណ្ដុះបណ្ដាលរៀងៗខ្លួន មិនទាន់មានស្ដង់ដារួមនោះឡើយ។ ដូច្នេះការរៀបចំស្ដង់ដារួមនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានា។

លោក ហេង ចន្ត្រា អនុប្រធានវិស័យទេសចរណ៍ នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក នៅពេលដែលម្ចាស់អាជីវកម្មទេសចរណ៍ ឬវិស័យឯកជនត្រូវការជ្រើសរើសបុគ្គលិក គឺម្ចាស់អាជីវកម្មត្រូវរ៉ាប់រងទទួលបន្ទុកបណ្ដុះបណ្ដាលបុគ្គលិកដោយខ្លួនឯង ប៉ុន្តែនៅពេលក្រសួងទេសចរណ៍សហការរៀបចំឱ្យមានស្ដង់ដាបណ្ដុះបណ្ដាលរួមនេះ នឹងជួយសម្រួលបន្ទុករបស់វិស័យឯកជនបានច្រើន។ ម្យ៉ាងទៀត វិស័យឯកជនក៏មានក្ដីសង្ឃឹមថា អ្នកបម្រើការនៅក្នុងមូលដ្ឋានអាជីវកម្មរបស់ពួកគាត់នឹងមានជំនាញច្បាស់លាស់ ទោះបីបុគ្គលិកទាំងនោះរៀននៅសាលាមួយណាក៏ដោយ ដោយហេតុថាសាលាបណ្ដុះបណ្ដាលទូទាំងប្រទេសនឹងមានស្ដង់ដាបណ្ដុះបណ្ដាលដូចៗគ្នា។

លោក ហេង ចន្ត្រា បានអំពាវនាវដល់វិស័យឯកជនដែលមានបុគ្គលិកបម្រើការក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនស្រាប់ សូមបញ្ជូនបុគ្គលិករបស់ខ្លួនទៅទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ឬកម្រិត២នេះឱ្យបានគ្រប់គ្នា ដើម្បីឱ្យបុគ្គលិករបស់ខ្លួនកាន់តែមានជំនាញ កាន់តែបង្កើតផលិតភាពការងារ។ ម្យ៉ាងទៀត ចំពោះយុវជនដែលមិនទាន់មានការងារធ្វើ ឬមានការងារធ្វើហើយក្ដីសូមចាប់អារម្មណ៍ និងចូលទៅទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះឱ្យបានច្រើន ជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជន១.៥លាននាក់របស់រាជរដ្ឋាភិបាល ដើម្បីទទួលបានជំនាញ បង្កើនសមត្ថភាព ឈានទៅទទួលបានតំណែងការងារល្អៗ និងទទួលបានប្រាក់ខែកាន់តែប្រសើរ។

បើតាមការបន្ថែមរបស់លោក ជួប រតនា បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់នេះហើយ នៅពេលខាងមុខ ក្រសួងទេសចរណ៍នឹងមានសិក្ខាសាលាមួយទៀត ដើម្បីផ្ដល់សុពលភាពលើឯកសារទាំងនេះ មុនផ្ដល់ឱ្យសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈយកទៅប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាល៕