(បាងកក)៖ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

មហាសន្និបាតលើកទី១៦នេះ មានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖

១៖ បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានពីររូបសម្រាប់សម្របសម្រួលដឹកនាំមហាសន្និបាតលើកទី១៧,
២៖ រាយការណ៍ពីសកម្មភាពការងាររបស់ APT ក្នុងរយៈពេល៣ឆ្នាំកន្លងមក (២០២១-២០២៣),
៣៖ បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ APT សម្រាប់អាណត្តិបីឆ្នាំបន្តទៀត (២០២៤-២០២៦),
៤៖ ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្ររបស់ APT សម្រាប់ឆ្នាំ២០២៤-២០២៦,
៥៖ ពិនិត្យលើមូលដ្ឋានសម្រាប់ថវិកាប្រចាំឆ្នាំរបស់ APT និងការកំណត់ពិដានចំណាយប្រចាំឆ្នាំសម្រាប់ឆ្នាំ 2024-2026,
៦៖ ពិនិត្យលើវិភាគទានថវិការួមចំណែកដោយរដ្ឋជាសមាជិកសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ (២០២៤-២០២៦) និងពិភាក្សាលើការងារសំខាន់មួយចំនួនទៀត។

នៅក្នុងមហាសន្និបាតនេះ លោករដ្ឋលេខាធិការ បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឲ្យកត់សម្គាល់របស់ APT និងប្រទេសជាសមាជិករបស់ខ្លួន ក្នុងបរិបទបញ្ហាប្រឈម ជាសាកល ដែលក្នុងនោះ APT និងសមាជិករបស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជំងឺរាតត្បាត និងបញ្ហាប្រឈមជាសកលតាមរយៈរបៀបវារៈ និងគំនិតផ្តួចផ្តើមឌីជីថលរបស់ខ្លួន។

លោកបានកោតសរសើរចំពោះការគាំទ្រដ៏មានតម្លៃរបស់ APT សម្រាប់កម្ពុជាដែលរួមមានដូចជាការផ្តល់អ្នកជំនាញ កម្មវិធីពង្រឹងសមត្ថភាព និងគម្រោងផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ពិតជាបានពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់មន្ត្រីពាក់ព័ន្ធ ហើយកម្ពុជានឹងជំរុញបន្ថែមទៀតលើគំនិតផ្តួចផ្តើមទាំងនេះជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពី APT។

លោកក៏បានសម្តែងនូវការគាំទ្ររបស់កម្ពុជា ចំពោះផែនការយុទ្ធសាស្រ្ត APT សម្រាប់ឆ្នាំ 2024-2026 ព្រមទាំងអបអរសាទរដល់ក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្ត (CGSP) សម្រាប់ការរៀបចំឡើងនូវឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ៕