(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានបញ្ចេញព័ត៌មាននៅមុននេះបន្តិចថា មន្ត្រីទូតកូរ៉េខាងជើង ដែលបានបាត់ខ្លួនពីស្ថានទូតប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសនោះ បានរត់ភៀសខ្លួនមកសុំសិទ្ធិជ្រកកោណនៅកូរ៉េខាងត្បូង ដែលវាជារឿងមិនធ្លាប់កើតមាននោះទេ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់តំណាងប្រទេសកូរ៉េខាងជើង ដែលរត់ភៀសខ្លួនទៅប្រទេសផ្សេងបែបនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។
មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល បាននិយាយថា លោក Thae Yong Ho មានតំណែងអគ្គរដ្ឋទូតរងរបស់ ប្រទេសកូរ៉េខាងជើង ប្រចាំនៅចក្រភពអង់គ្លេស ព្រមទាំងក្រុមគ្រួសារ បានបាត់ដំណឹងពីស្ថានទូតរយៈពេល ៣ថ្ងៃមកហើយ ដោយសារព័ត៌មាននានាបានចេញផ្សាយ និងបង្ហាញការសង្ស័យថាពួកគេ បាននិងកំពុងភៀសខ្លួនទៅកាន់ប្រទេសទីបី ប៉ុន្តែពេលនេះពួកគេមានសុវត្ថិភាពហើយ ក្រោមការទទួលខុសត្រូវរបស់ អាជ្ញាធរកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា បេសកកម្មការទូតរបស់លោក Thae នៅអង់គ្លេសកន្លងមកនេះ ត្រូវបានកូរ៉េខាងជើង ចាត់ទុកថាជាការផ្តល់ផលអវិជ្ជមានដល់រដ្ឋកុម្មុយនិស្តមួយនេះ តែទំនងជាការដឹងខ្លួនមុននោះ លោកនឹង ក្រុមគ្រួសារការសម្រេចចិត្តលួចចាកចេញទៅកាន់កូរ៉េខាងត្បូងតែម្តង។ យ៉ាងណាក៏ដោយ គេពុំទាន់ ឃើញមានប្រតិកម្មណាមួយពីរដ្ឋាភិបាលកូរ៉េខាងជើងនោះឡើយ៕