(ភ្នំពេញ)៖ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលព័ត៌មានប្រឌិត ដែលត្រូវបាន Facebook អនាមិកមួយឈ្មោះ Lavy យកវីដេអូចាស់មកបង្ហោះជាថ្មី បង្កឱ្យមានការភ័ន្តច្រឡំលើសមត្ថកិច្ចអនុវត្តន៍ច្បាប់ ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសសមត្ថកិច្ច។

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ជុំវិញការផ្សព្វផ្សាយព័ត៌មានមិនពិត លើហ្វេសប៊ុកអនាមិកឈ្មោះ Lavy កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានបង្ហោះវីដេអូកាត់ត ដាក់ចំណងជើងថា «វគ្គទី០១ វ័នករហើយសមត្ថកិច្ច បន្ទប់ក៥ ចុច ចុច ធ្វើប៉ះចំខ្សែអ្នកព័ត៌មាន ប្រមូលភស្តុតាង បានសូមស្តាប់សម្លេងគ្រួសាររងគ្រោះកាលពីកន្លងទៅ........០១»

ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាប ជូនសាធារណជនមេត្តាជ្រាបថា វីដេអូដែល ហ្វេសប៊ុកឈ្មោះ Lavy បង្ហោះនេះគឺជាវិដេអូចាស់ ដែលធ្លាប់ផ្សព្វផ្សាយដោយហ្វេសប៊ុកឈ្មោះ TMN កាលពីដើមខែសីហា ឆ្នាំ២០២៣កន្លងទៅ ហើយទើបត្រូវបានហ្វេសប៊ុកអនាមិកឈ្មោះ Lavy នេះ យកមកបង្ហោះជាថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងចេតនាបង្កអសន្តិសុខសង្គម និងបង្ខូចកិត្តិយសរបស់សមត្ថកិច្ចប៉ុណ្ណោះ។

ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមច្រានចោលទាំងស្រុង នូវការបង្ហោះព័ត៌មានប្រឌិត បែបមួលបង្កាច់ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដែលនាំឱ្យមានការយល់ច្រឡំមកលើសមត្ថកិច្ចអនុត្តន៍ច្បាប់ ក្នុងចេតនាបង្កឱ្យមានអសន្តិសុខក្នុងសង្គមជាតិ។

ដើម្បីបំបាត់នូវការយល់ច្រឡំនេះ ក្រុមប្រតិកម្មរហ័សរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកយកនូវសេចក្តីបំភ្លឺ ដែលធ្លាប់បំភ្លឺទៅកាន់ហ្វេសប៊ុកឈ្មោះ TMN កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣កន្លងទៅដូចខាងក្រោម៖

១-នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មាន និងសំណូមពរពីប្រជាពលរដ្ឋ ស្ដីពីការលក់ចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យនៅម្ដុំសាលារៀនប្ញស្សីកែវ ក្រុមជំនាញ (ក៥) របស់មន្ទីរបានចុះទៅស្រាវជ្រាវបង្ក្រាប ពេលចុះទៅពួកជនល្មើសរត់ប្រសេចប្រសាច ឃាត់បានតែយុវជន០២រូប នាំយកមកមន្ទីរដើម្បីសាកសួរ ។

ក្រោយពេលសាកសួរឃើញថា យុវជនទាំង ០២រូបពិតជាបានប្រើប្រាស់គ្រឿងញៀន ជាពិសេសប្រើប្រាស់បារីអេឡិកត្រូនិក។ សមត្ថកិច្ចបានឃាត់ពន្យល់អប់រំ ស្ដីពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់ បារីអេឡិកត្រូនិក ដែលពួកគាត់យល់ច្រឡំថាមិនខុសច្បាប់។ បន្តមកមន្ទីរបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ និងយកទៅបន្សាបព្យាបាល តាមសហគមន៍វិញតាមនីតិវិធី។

២- ចំពោះរូបភាព និងសម្លេងកាត់តបញ្ចូលក្នុងការផ្សាយនេះ មិនពាក់ព័ន្ធដល់កិច្ចប្រតិបត្តិការរបស់មន្ទីរទេ ដែលជាចេតនាទុច្ចរិតរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN ក្នុងបំណងបំភ័ន្តមតិមហាជន បង្ខូចកិត្តិយសរបស់សមត្ថកិច្ច និងការពារជនល្មើសតែប៉ុណ្ណោះ។

៣៖ ម្ចាស់ហ្វេសប៊ុកឈ្មោះ TMN គប្បីពិចារណា តាមសីលធម៌ វិជ្ជាជីវៈ និងត្រូវកែតម្រូវឡើងវិញ នូវការផ្សាយរបស់ខ្លួន។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រីករាយ រង់ចាំជួបម្ចាស់ហ្វេសប៊ុក និងថ្លែងអំណរគុណដល់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបានចូលរូម កែលំអ និងសហការ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដែលសមស្របនឹងទិសស្លោក «៣កុំ ១រាយការណ៍»៕

 

 

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីខែសីហា ឆ្នាំ២០២៣៖