(ភ្នំពេញ)៖ បន្ទាប់ពីបានចូលជួប និងសម្តែងការគួរសម ដើម្បីរាយការណ៍ពីសកម្មភាពការងារ ដែលសមាគមបានបំពេញកន្លងមកជូនជ្រាបដល់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគម រួមទាំងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា និងក្រុមការងារអៃរាវតា្តទាំងមូល ថ្លែងអំណរគុណលោកបណ្ឌិត អ៊ាង សុផល្លែត ដែលបន្តការឧបត្ថម្ភគាំទ្រដល់សមាគមអៃរាវតា្ត។

លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានជម្រាបជូនលោកបណ្ឌិតរដ្ឋមន្រ្តីថា បច្ចុប្បន្នសមាគមអៃរាវត្តា មានដំរីចំនួន៤ក្បាល ក្នុងនោះរួមមាន ដំរីញី១ក្បាល ឈ្មោល២ក្បាល និងកូនដំរីញី១ក្បាលទៀតឈ្មោះ ណូអែល ទេវី។ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានស្នើសុំការគាំទ្របន្ថែមទៀត ពីក្រសួងបរិស្ថាន លើសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត។

ដោយឡែក ថវិកាមួយចំនួនទៀត លោកស្រី នឹងយកទៅរៀបចំជាភូមិវប្បធម៌ ដើម្បីទាក់ទាកទាញភ្ញៀវទេសចរឲ្យមកទស្សនា។ លើសពីនោះលោកស្រី ក៏សូមគោរពអញ្ជើញភ្ញៀវ ដោយមកទស្សនាផ្ទាល់ កាន់ផ្ទាល់ ជាមួយសត្វដំរីនេះផងដែរ ពិសេសបានឃើញនៅសមាគមដែលមើលថែដំរី។

ឆ្លើយតបនឹងការលើកឡើងនេះ លោកបណ្ឌិត អ៊ាង សុផល្លែត សូមគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយវិស័យនេះ ក្រសួងបរិស្ថានសូមគាំទ្រទាំងស្រុង ហើយនឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ។

សូមជម្រាបថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្តោតលើការងារសំខាន់ចម្បងចំនួន៣គឺ ទី១៖ ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជា ដែលប្រឈមនឹងការផុតពូជ, ទី២៖ ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍ នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣៖ បង្កាត់ពូជដំរីស្រុក ឲ្យកើតកូនកើតចៅបានកាន់តែច្រើន៕