(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «ប្អូនដែលជាអ្នកចូលរួមសង្កេតការទាំងអស់ ត្រូវលើកកម្ពស់ស្មារតីក្នុងការទទួលខុសត្រូវរបស់ខ្លួន នៅពេលដែលចូលរួមសង្កេតការណ៍»។
ការថ្លែងរបស់ លោកទេសរដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងក្នុងបន្ទាប់ពីបញ្ចប់ កិច្ចជំនួបជាមួយអ្នកសង្កេតការស្ម័គ្រចិត្ត ជាង៦ពាន់នាក់ ដើម្បីណែនាំពីបទប្បញ្ញតិ្តមួយចំនួនពីបញ្ជាផ្ទៃក្នុង នៅពេលចុះសង្កេតការប្រឡងបាក់ឌុប។ក្នុងជំនួបនេះដែរត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដោយក្រោមការចូលរួមពី លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្ដីពាក់ព័ន្ធទាំងអស់ នៅសាលសម្ដេចតេជោ នាវិទ្យាស្ថានបច្ចេកទេសកម្ពុជា (តិចណូ)។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា សូមអ្នកដែលចូលរួមសង្កេតការណ៍មើលឃើញតួនាទីជាប្រវត្តិសាស្ដ្ររបស់ខ្លួន ក្នុងសង្កេតការណ៍បាក់ឌុប គឺជាផលប្រយោជន៍មួយសម្រាប់សង្គម សម្រាប់ប្រទេសជាតិទាំងមូល។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានបន្ថែមថា «ការពលីកម្មនេះ មិនមែនអត់ប្រយោជន៍នោះទេ សូម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ក្មួយក៏ទទួលបាន ដូចជាបទពិសោធន៍ ភាពថ្នឹកក្នុងការធ្វើការ ក៏ដូចជាស្គាល់ពីរបៀបក្នុងការទំនាក់ទំនងការងារជាដើម»។
លោកទេសរដ្ឋមន្ដ្រី ឲ្យដឹងទៀតថា លោកសប្បាយចិត្តខ្លាំងណាស់ ចំពោះយុវជនដែលមានទឹកចិត្តក្នុងការចូលរួមជាអ្នកសង្កេត ហើយអ្នកចូលរួមសង្កេតការឆ្នាំនេះ មានចំនួនរហូតដល់ ៦២១៤នាក់ ច្រើនជាងឆ្នាំមុនៗទាំងអស់៕