(ភ្នំពេញ)៖ ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួបទី ៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ព្រមជាមួយឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនេះ និងដោយបានទទួលការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំប្រារព្ធមីទ្ទិញដើម្បីចូលរួមអបអរសាទរ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូច និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀត។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចែកអំណោយ រួមមាន អង្ករ, ទឹកសុទ្ធ, ទឹកក្រូច និងថវិកា ជូនដល់ តំណាងអតីតយុទ្ធជន និងគ្រួសារយោធិនពលី សរុប២៣នាក់ផងដែរ៕