(សៀមរាប)៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មានធ្វើពិធីចុះហត្ថលេខាលើ លិខិតផ្ដួចផ្ដើម ស្ដីពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តសៀមរាប នៃកម្ពុជា និងខេត្តអានហួយ នៃប្រទេសចិន ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ភាគីកម្ពុជា និងលោក ហ៊ូ ឡាំងសុង (HU Laingsong) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយភាគីចិន។
លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និងខេត្តអានហួយ ក្នុងគោលបំណងបង្កើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើមី្បផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍ វិស័យផ្សេងៗនៃខេត្តទាំងពីរ ក្នុងការគាំទ្រជម្រុញលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ដើមី្បផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ខេត្តទាំងពីរ។
លោកអភិបាលខេត្ត ក៏បានសង្ឃឹមជឿជាក់ផងដែរថា ដោយផ្អែកលើកត្តាប្រវត្តិសាស្រ្ត វប្បធម៌ និងភូមិសាស្ត្រនៃប្រជាជនទាំងពីរចិន-កម្ពុជា ជាពិសេសខេត្តអានហួយ និងខេត្តសៀមរាប នឹងពូនជ្រុំជ្រោងឡើងនូវមាគ៌ា គោលនយោបាយចំណងកិច្ចសហប្រតិបត្តការ ការអភិវឌ្ឍន៍ និងជួយគ្នាទៅវិញទៅមក ក្នុងនាមដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅប្រកបដោយនិរន្តភាព មិនអាកែប្រែបានជានិច្ច។
លោក ឃឹម ប៊ុនសុង ក៏បានលើកនូវសំណូមពរមួយចំនួនដល់ភាគីចិន បើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក្នុងការបង្កើននូវវិស័យទេសចរណ៍ រវាងខេត្តទាំងពីរ។
លោក ហ៊ូ ឡាំងសុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តអានហួយ ក៏បានគូសបញ្ជាក់ពីគោលបំណង នៃការចងសម្ព័ន្ធភាពជាមួយខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ឲ្យដឹងផងដែរ អំពីស្ថានភាពភូមិសាស្រ្ត របស់ខេត្តអានហួយ និងបានលើកឡើងពីសក្តានុពលរបស់ខេត្ត ដែលជាខេត្តឧស្សហកម្ម និងទេសចរណ៍។
លោកក៏បានបន្តទៀតថា ការចុះហត្ថលេខាលើ លិខិតផ្ដួចផ្ដើមស្ដីពី ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តការ រវាងខេត្តទាំងពីរនាពេលនេះ គឺដើមី្បផ្សាភ្ជាប់នូវចំណងមិត្តភាព នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគុណប្រយោជន៍ ដល់ប្រជាជនខេត្តទាំងពីរ ស្របតាមនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការជម្រុញឲ្យគ្រប់បណ្តាខេត្ត ធ្វើសម្ព័ន្ធភាពតាមបណ្តាខេត្ត នៅកម្ពុជា។
លោក ហ៊ូ ឡាំងសុង ក៏បានគូសបញ្ជាក់អំពីសេដ្ឋកិច្ច របស់ខេត្តអានហួយ លើវិស័យទេសចរណ៍ និងឧស្សាហកម្ម។ ក្នុងនោះដែរលោកនឹងធ្វើការជម្រុញ និងផ្សព្វផ្សាយពីខេត្តសៀមរាប ដល់ប្រជាជន និងភ្ញៀវទេសចរ ដែលទៅទស្សនានៅខេត្តអានហួយ ឲ្យមកទស្សនាខេត្តសៀមបន្ថែមទៀត និងបង្កើតជើងហោះហើរឆ្ពោះត្រង់ ពីខេត្តអានហួយ មកខេត្តសៀមរាបនៅពេលខាងមុខ ក្នុងជម្រុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប មានការកើនឡើង ក្នុងការចាប់ដៃគ្នាលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៃខេត្តទាំងពីរ។
លោកក៏មានសង្ឃឹមផងដែរថា ក្រោយពីការចុះហត្ថលេខារួចហើយ និងធ្វើឲ្យខេត្តទាំងពីរមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងនឹងធ្វើ ការផ្សព្វផ្សាយដល់ប្រជាជនចិន ឲ្យមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់គឺខេត្តសៀមរាប៕