(ភ្នំពេញ)៖ ស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ បានបំពាក់មេដាយឈ្មោះថា «The Sacred Treasure, Silver Rays» ជូនអ្នកស្រី ជា ចាន់ ណាគ្រី ដែលជាអ្នកបានបម្រើការងារនៅស្ថានទូតជប៉ុន តាំងពីឆ្នាំ១៩៩២ ពេលស្ថានទូតជប៉ុនបើកនៅកម្ពុជាជាថ្មី ក្រោយកិច្ចចរចាសន្តិភាព ទីក្រុងប៉ារីស។
លោក គូម៉ាម៉ារ៉ុ យូជិ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងក្នុងពេលបំពាកមេដាយជូនអ្នកស្រី ជា ចាន់ណាគ្រី នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ថា អ្នកស្រី ជា ចាន់ណាគ្រី បានចូលមកបម្រើការងារជាបុគ្គលិកស្ថានទូតជប៉ុន តាំងពីពេលស្ថានទូត ទើបបើកឡើងវិញក្នុងឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៥ មានរយៈពេល ២៣ឆ្នាំ ៨ខែ។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ក្នុងអំឡុងពេលនោះ អ្នកស្រី ចាន់ណាគ្រី បានដើរតួយ៉ាងសំខាន់ក្នុងការអនុវត្ត គម្រោងជំនួយឧបត្ថម្ភអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន (ODA) ដល់ប្រទេសកម្ពុជា និងបានចូលរួមជាចំណែកមួយក្នុងការរឹតបន្តឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងការអភិវឌ្ឍបន្ថែមទៀតនូវការរួបរួមសន្តិភាពរបស់ប្រទេសកម្ពុជា។
លោក គូម៉ាម៉ារ៉ុ យុជិ បានបញ្ជាក់ដូច្នេះ «ការយកចិត្តទុកដាក់ ម៉ឺងម៉ាត់ និងម៉ត់ចត់របស់អ្នកស្រីចំពោះការងារ គឺជាគំរូដ៏ល្អសម្រាប់បុគ្គលិកស្ថានទូតដទៃទៀត ហើយអ្នកស្រីក៏បានចូលរួមជួយជ្រោមជ្រែង ដល់ការបណ្តុះបណ្តាលបុគ្គលិកក្មេងៗនៅក្នុងស្ថានទូតផងដែរ។ មេដាយនេះ គឺជាការផ្ដល់កិត្តិយសជូនក្នុងនាមប្រទេសជប៉ុន សម្រាប់ជាការសរសើរដល់សមិទ្ធផលយ៉ាងធំធេងរបស់អ្នកស្រី ក្នុងការជួយដល់ការងារការទូតនៅបរទេសរបស់ប្រទេសយើងខ្ញុំ»។
លោកអគ្គរដ្ឋទូតរំពឹងថា រដ្ឋាភិបាលជប៉ុន នឹងអាចធ្វើការពង្រីកសកម្មភាពការទូតបន្ថែមទៀត ដើម្បីចូលរួមជាចំណែកដល់ការរីកចម្រើននៃមិត្តភាពរបស់ប្រទេសទាំងពីរ ហើយសង្ឃឹមអ្នកស្រី ចាន់ណាគ្រី បន្តជួយដល់ការពង្រីកទំនាក់ទំនងនេះ។ «ខ្ញុំសង្ឃឹមថា អ្នកស្រីជា ចាន់ណាគ្រីនឹងបន្តគាំទ្ររួមទាំងសហការក្នុងសកម្មភាពនានារបស់ស្ថានទូត។ ហើយខ្ញុំក៏សង្ឃឹមផងដែរថា ឯកឧត្តម លោកជំទាវ អស់លោកលោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះ នឹងអាចអធ្យាស្រ័យ ក៏ដូចជាសហការជាមួយពួកយើង ឲ្យបានកាន់តែស៊ីជម្រៅជាងនេះបន្ថែមទៀត»៕