(ភ្នំពេញ)៖​ គិតត្រឹម ខែតុលា ឆ្នាំ២០២៣ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក​ បានសម្រេចវឌ្ឍនភាពការងារបាន ៣៦,៣៦% ដោយបានចំណាយពេលអនុវត្តគម្រោងជាង ៦៦%។

នៅបេីតាមការបញ្ជាក់ឱ្យដឹងកិច្ចប្រជុំប្រចាំខែតុលា ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ដែលបានធ្វេីឡេីងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានលោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះដែរបានធ្វេីឡេីងនៅទីស្តីការក្រសួងសាធារណការ​ និងដឹកជញ្ជូនដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ នាយកគម្រោង ក្រុមហ៊ុនទទួលបន្ទុកការសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ឋផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះលោក​ រស់​ វណ្ណា​ ក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាគម្រោងយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមបទដ្ឋានបច្ចេកទេសនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាឱ្យគម្រោងនេះបញ្ចប់តាមផែនការកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕