(កណ្ដាល)៖ លោក ជី ស៊ីវុត្ថា អ្នកនាំពាក្យសាលាខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ សម្រាប់ខេត្តកណ្ដាល ដំណើរការរលូនល្អ គ្មានបញ្ហាចោទកើតឡើងនោះឡើយ។
បើតាមលោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានឱ្យដឹងថា ការប្រឡងមានការយាមកាមបានតឹងរឹងល្អ មិនអាចមានការបន្លំយកព្រីយ៉ុងចូលបានទេ គឺប្រឡងដោយសមត្ថភាព។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សិក្សា ទុតិយភូមិមានរយៈពេល២ថ្ងៃគឺថ្ងៃទី៦ និងទី៧ ខែវិច្ចិកា ឆ្នាំ២០២៣ ខណៈដែលខេត្តកណ្ដាលមានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង ៤៥១បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤៖
*១៖ ក្រុងតាខ្មៅ៖ មានចំនួន ០៩មណ្ឌល សម្រាប់បេក្ខជនមកពីក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុងអរិយក្សត្រ។
*២៖ ស្រុកស្អាង៖ មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកស្អាង និងស្រុកកោះធំ។
*៣៖ ស្រុកកណ្តាលស្ទឹង៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កណ្តាលស្ទឹង និងស្រុកអង្គស្នួល។
*៤៖ ស្រុកកៀនស្វាយ៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកល្វាឯម និងក្រុងអរិយក្សត្រ។
ខេត្តកណ្តាលឆ្នាំនេះ មានបេក្ខជនមានឈ្មោះក្នុងបញ្ជី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១០,៨៧៣នាក់ ស្រី ៦,០២៣នាក់។ បើធៀបទៅនឹងឆ្នាំសិក្សា២០២១-២០២២ ខេត្តមានមណ្ឌលប្រឡងថយចុះចំនួន ០២មណ្ឌល រីឯបេក្ខជនបានកើនឡើងចំនួន ៧៣០នាក់ ស្រី ៣៥៦នាក់៕