(ភ្នំពេញ)៖ ឆ្នាំ២០០៦-២០២៣ មានរយៈពេល១៧ឆ្នាំមកហើយ ដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
កម្ពុជាជាប្រទេសដែលធ្លាប់ទទួលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ហៅថា UNTAC (United Nations Transitional Authority in Cambodia) នាឆ្នាំ១៩៩២-១៩៩៣ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ជាពេលនៃការបញ្ជូនកម្លាំងលើកដំបូងរបស់កម្ពុជា ចូលរួមចំណែកស្វែងរកសុខសន្តិភាព។ ព្រឹត្តិការណ៍នេះ បានកើតឡើងបន្ទាប់ពី១២ឆ្នាំក្រោយ នៃការអំពាវនាវពីអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដល់សមាជិករបស់ខ្លួន និងបន្ទាប់ពីបានពិនិត្យក្របខ័ណ្ឌរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ជាធរមានគ្រប់ជ្រុងជ្រោយរួចមក។
ក្រោយមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ បានឯកភាពជាផ្លូវចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិជាផ្លូវការ។
ក្នុងឱកាសជូនដំណើរកងទ័ពកម្ពុជា លើកដំបូងចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំបញ្ជាក់ថានាយទាហាន នាយទាហានរង និងពលទាហានដែលចេញទៅប្រតិបត្តិការនេះ មិនមែនជាទាហាន ឈ្លានពាន ហើយក៏មិនមែនជាទាហានត្រួតត្រា ហើយក៏មិនមែនជាទាហានស៉ីឈ្នួលនោះដែរ ក៏ប៉ុន្តែគឺជាការរក្សាសន្តិភាពដែលត្រូវគោរពនូវឯករាជ្យ អធិបតេយ្យភាព នៃប្រទេសនោះឱ្យបានដាច់ខាត វាក៏មានតម្លៃស្មើនឹងការគោរពឯករាជ្យភាព អធិបតេយ្យភាព របស់ជាតិកម្ពុជា ខ្លួនឯងផង»។
គួរបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩២០៥នាក់ ក្នុងនោះនារីចំនួន៧២៦នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០មានជាអាទិ៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕
ខាងក្រោមនេះជាវីដេអូឯកសារពីបេសកកម្មភាពចូលរួមរក្សាសន្តិភាពរបស់កងទ័ពកម្ពុជា៖