(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដែលមានការចូលរួមពីព្រះរាជអាជ្ញារង លោកស្នងការ ស្នងការរង មន្ត្រីនគរបាល នៃស្នងការនគរបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង និងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូប។

នៅចំពោះកងកម្លាំងទាំងនោះ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអញ្ជើញមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តធម៌ កងអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមប្រជុំនាក្នុងថ្ងៃនេះ គឺដើម្បីបានប្រាស្រ័យទាក់ទងគ្នាក្នុងវិស័យច្បាប់ ក្នុងនាមលោកទើបតែមកកាន់ដំណែងជាព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នាពេលថ្មីនេះៗ ហើយក៏ដើម្បីជាការពង្រឹងវិស័យច្បាប់ និងយុត្តិធម៌។ ជាងនេះគឺបានស្គាល់គ្នាក្នុងនាមជាអ្នកអនុវត្តច្បាប់។

លោកព្រះរាជអាជ្ញា បានបន្តថា «មន្រ្តីនគរបាលយុត្តិធម៌ មានតួនាទីយ៉ាងសំខាន់ទៅតាមដំណាក់កាលនីមួយៗ ដូចជា ដំណាក់កាលស៊ើបអង្កេត។ នៅដំណាក់កាលស៊ើបអង្កេត មន្រ្តីនគរបាលយុត្តិធម៌ ជាសេនាធិការ និងស្ថិតនៅក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាមានសមត្ថកិច្ច»។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា បេសកកម្មរបស់​មន្រ្តី​នគរបាល​យុត្តិធម៌​រួម​មាន ទទួល​បណ្ដឹង​ទាមទារ និង​បណ្ដឹង​បរិហារ។ ស៊ើប​អង្កេត​បទល្មើស​ជាក់ស្តែង និង​ធ្វើ​ការ​អង្កេត​បឋម។ ធ្វើ​កំណត់​ហេតុ​លើ​គ្រប់​ពាក្យ​បណ្ដឹង។ រៀបចំ​បញ្ជី​ពាក្យ​បណ្តឹង​ និង​ចំណាត់ការ​លើ​ពាក្យ​បណ្ដឹងជាដើម។

នៅក្នុងឱកាសនោះ លោកព្រះរាជអាជ្ញា បានបញ្ជាឲ្យកងកម្លាំងទាំងអស់រួមគ្នា​ ចុះបង្ក្រាបគ្រឿងញៀន និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅតាមមូលដ្ឋានរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ៕