(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបទបាឋកថាលើប្រធានបទស្ដីពី «សារសំខាន់នៃតួនាទីយុវជន និងការងារស្ម័គ្រចិត្ដក្នុងការអភិវឌ្ឍន៍សង្គមជាតិ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និស្សិត-សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
គួរបញ្ជាក់ថា លោក ហ៊ុន ម៉ានី គឺជាយុវជនដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ដ និងពេលវេលា ដើម្បីបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុត ជាយុវជនស្ម័គ្រចិត្តក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីធ្វើជាគំរូដ៏ល្អដល់យុវជនដ៏ទៃទៀត។
តាមរយៈការសិក្សាបទពិសោធន៍ការងារ និងការខិតខំតស៊ូប្រឹងប្រែងរបស់ខ្លួន លោក ហ៊ុន ម៉ានី បានទទួលជោគជ័យក្នុងជីវិត ដោយបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងក្លាយជាសមាជិសភា នីតិកាលទី៥ និងបានធ្វើជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាការងារស្ម័គ្រចិត្ត ព្រមទាំងបានដឹកនាំទទួលបានជោគជ័យ នាំឲ្យមានការសាទរ និងកោតសរសើរយ៉ាងស្ញប់ស្ញែងលើឆាកជាតិ និងអន្ដរជាតិ ជាពិសេសការដឹកនាំយុវជនធ្វើពិធីអង្គរសង្ក្រាន អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ។ ទទួលពានរង្វាន់សន្តិភាពអន្តរជាតិ Gusi លើផ្នែកភាពជាអ្នកដឹកនាំយុវជន មនុស្សធម៌ និងបេតិកភណ្ឌវប្បធម៌បានទទួលពានរង្វាន់ប្រជាជនអាស៊ាន និងបានទទួលគ្រឿងឥស្សរិយយស មេដាយជាតូបការ ជាដើម ។
នាយឧត្ដមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា យុវជនគឺជាកម្លាំងចលករប្រកបដោយសក្ដានុពលខ្ពស់របស់ជាតិ ដែលមានកាតព្វកិច្ចធ្វើជារបងការពារជាតិដ៏រឹងមាំ និង ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីធានាបាននូវអត្ថិភាពរបស់ជាតិស្ថិតនៅគង់វង្សយូរអង្វែង និងលើកម្ពស់កិត្យានុភាពរបស់ជាតិទាំងក្នុងក្របខណ្ឌតំបន់និងពិភពលោក។
លោកប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា បទបាឋកថា របស់ លោក ហ៊ុន ម៉ានី ពិតជាមានសារសំខាន់ និងមានតម្លៃ សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសសម្រាប់ដឹកនាំ មន្រ្តីនគរបាលវ័យក្មេង ដែលជាយុវជនទទួលបាននូវបទពិសោធន៍ល្អៗ និងចំណេះដឹងពីខ្លឹមសារនៃបទបាឋកថានេះ ធ្វើជាមូលដ្ឋានចំណេះដឹងក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អ ទាំងក្នុងពេលបច្ចុប្បន្ន និង អនាគត៕