(រតនគិរី)៖ ដោយមើលឃើញពីការខ្វះខាតទីអារាមមួយកន្លែង ស្ថិតក្នុងភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី នៅឆ្ងាយដាច់ពីទីប្រជុំជន ហើយមានភាពអត្តខាត់ទៀតនោះ ទើបនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សប្បុសជនឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ បានយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅទីនោះ។

ឧកញ៉ា ចិន សំណាង បានថ្លែងថា ទោះបីផ្លូវធ្វើដំណើរទៅទីអារាមខាងលើ មានការលំបាកបន្តិចក្តី តែទឹកចិត្តសទ្ធាជ្រះថ្លាធ្វើដំណើរតាំងពីរាជធានីភ្នំពេញចំងាយផ្លូវជាង៦០០គីឡូម៉ែត្រ ទំរាំដល់ទីអារាមមានភាពដែលមានភាព អត្តខាត់នេះ។

ឧកញ៉ារូបនេះ បន្តថា កន្លងទៅ ក្រុមការងារលោកបានអមដំណើរលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា ហ៊ុន ស៊ីណាតបរឡយ។

ឧកញ៉ា ចិន សំណាង បញ្ជាក់ឲ្យដឹងទៀតថា ដោយមើលឃើញពីការរីកចម្រើន និងកំណើនប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិភាគតិច ហើយកាលពីមិនទាន់មានសាលាបឋមសិក្សា ហ៊ុន ស៊ីណាត ប្រជាពលរដ្ឋនៅតំបន់នោះមានតែ១៣០នាក់។

រហូតមកដល់បច្ចុប្បន្ននេះ មានសាលាបឋមសិក្សា ហ៊ុន ស៊ីណាត ដែលងាយស្រួលឲ្យកូនចៅពួកគាត់បានចូលរៀនសូត្រស្រួល មិនពិបាកធ្វើដំណើរទៅសាលារៀននៅទីឆ្ងាយឃើញថា ប្រជាពលរដ្ឋកើនឡើងដល់៦០០នាក់។

ជាងនេះទៅទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជាងមុន លោកបានសន្យាថា នឹងសាងសង់សាលារៀន១ខ្នងស្មើនឹង៦បន្ទប់បន្ថែមទៀត នៅចុងឆ្នាំ២០២៤ខាងមុខ។

សូមបញ្ជាក់ថា ទេយ្យទានមានដូចជា អង្ករ មី ត្រីខ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួន និងបច្ច័យ១០០ដុល្លារ ប្រគេនព្រះសង្ឃ។ រីឯពុទ្ធបរិស័ទចំណុះជើងវត្តចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល និងលោកគ្រូ-អ្នកគ្រូបង្រៀន នៅសាលាបឋមសិក្សា ហ៊ុន ស៊ីណាត បរឡយ ចំនួន៤នាក់ក្នុងម្នាក់ៗទទួលបាន៣០០ដុល្លារផងដែរ៕