(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយនគរបាលខណ្ឌកំបូល និងណែនាំពីកិច្ចការ ដឹកនាំការងារជំនាញមួយចំនួន សម្រាប់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌកំបូល យកទៅអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព គុណភាពការងារ ក្នុងការបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឱ្យមានការគ្រប់គ្រងកម្លាំង មធ្យោបាយសម្ភារៈ ឱ្យបានល្អ និងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ។

លោកស្នងការ ក៏បានក្រើនរំលឹកដល់មន្ត្រីនគរបាលទូទាំងខណ្ឌកំបូល ត្រូវខិតខំពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បើក្នុងករណីកើតឡើងនូវបទល្មើសត្រូវស្រាវជ្រាវបង្រ្កាបឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះត្រូវពង្រឹងការងារសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ បំពេញភារកិច្ចប្រកាន់ខ្ជាប់គោលការណ៍ច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ ដើម្បីបញ្ចៀសរងការរិះគន់ពីប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ក្មេងទំនើង និងការទប់ស្កាត់អំពើលួច ឆក់ ឱ្យមានប្រសិទ្ធភាពភាពផងដែរ៕

http://image.freshnewsasia.com/2021/id-025/fn-2023-11-07-09-49-40-22.JPG