(ភ្នំពេញ)៖ ករណីអគ្គិភ័យបានលេបត្របាក់អស់ផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សប្រុសម្នាក់បានស្លាប់ (មានសតិមិនគ្រប់) រីឯមូលហេតុ បណ្តាលមកពីដុតផ្ទះបង្កជាអគ្គិភ័យ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាម បទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ, លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមបណ្តាលគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ក្នុងនោះរួមមាន៖
*រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៤គ្រឿង
*ប្រើប្រាស់ទឹកអស់០៨ឡាន
*រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង
*រថយន្តទីក្រុងជ្រោយចង្វារ ចំនួន០២គ្រឿង
*រថយន្តផ្សារទំនើប អូឡាំព្យា ចំនួន០២គ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ឈើលើថ្មក្រោម ទំហំ (៥ម៉ែត្រ គុណ ២០ម៉ែត្រ) បានឆេះផ្ទះ មួយខ្នងអស់ទាំងស្រុង និងពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃខែឆ្នាំដដែ៕