(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងខួបលើកទី១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកង កម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាព លោកអភិបាល ក្រុង ស្រុក មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និងយុវជនស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្ស ឧត្តុង្គឧត្តម ដែលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងផ្សាភ្ជាប់ជាមួយព្រះរាជពិធីគ្រង ព្រះបរមរាជសម្បត្តិខួបលើកទី ១៩ឆ្នាំ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈរបស់យើងផងដែរ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ពិធីនេះធ្វើឡើងក្នុងន័យដើម្បីសម្តែងនូវមនោសញ្ចេតនាសោមនស្សរីករាយ អបអរសាទរ នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ ក៏ដូចជាការដឹងគុណនូវទិវាជាប្រវត្តិសាស្ត្រ និងស្នាព្រះហស្ថ ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់នូវព្រះកាយពល និងព្រះបញ្ញាណាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅប្រទេសកម្ពុជា ឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង ដើម្បីមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប រហូតដណ្តើមបានទាំងស្រុងមកវិញនូវ  ឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៍ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោក គីម រិទ្ធី៏ បានបន្ដទៀតថា រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូត ដល់អាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់របស់ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះអង្គ និងបានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គ ជាព្រះបិតា ឯករាជ្យជាតិ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការការរីកចម្រើនដូចសព្វថ្ងៃ និងបន្តដល់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សមិទ្ធផលទាំងនេះ ផ្តើមចេញពីកម្លាំងសាមគ្គីដ៏មុតស្រួចរបស់ប្រជាជាតិយើង ដែលមានតម្លៃជ្រាលជ្រៅ ជាប្រវត្តិសាស្រ្ត ដោយបានបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំលើគ្រប់វិស័យ ដើម្បីធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើនរបស់កម្ពុជា៕