(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាឱកាសនោះ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯចំនួន៥៦នាក់ ស្រីចំនួន៣៣នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាសូរិយ៉ា ភូមិសូរិយ៉ា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក លេង​ ផាលី ក៏បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ានី ជូនចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម រួមទាំងប្រជាពលរដ្ឋ កម្មករ ចូលរួម ចំនួន ៧១៩នាក់ ស្រ្តីមានចំនួន ៥១៧នាក់ និងមានការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៥គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្គរចំនួន ២៥ គីឡូក្រាម ទឹកត្រីចំនួន ១យូរ ស្មើ ៦ដប ទឹកស៊ីអ៊ីវចំនួន ១យួរ ស្មើ ៦ដប ប្រេងសណ្តែកចំនួន ១លីត្រ ប៊ីចេងចំនួន ១កញ្ចប់ អំបិលចំនួន ១គីឡូក្រាម និងមី ចំនួន ១កេស ដោយសហការជាមួយ លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុក លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា សកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត ស៊ិន សុភាព ប្រធាន OD ខេត្ត តំណាង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នោះឡើយ។ លើសពីនេះទៅទៀតតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានបន្ធូរបន្ថយវិស័យសុខាភិបាលក្នុងវិធានការគ្រប់គ្រងកូវីដ-១៩ លើកលែងពាក់ម៉ាស់ និងយកសំណាក។

គួរជម្រាបថា ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស សប្បាយរីករាយ កោតសរសើរ និងថ្លែងអំណរគុណជាខ្លាំង ដែលបានឃើញសកម្មភាពរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី មានជារៀងរាល់សប្តាហ៍ រៀងរាល់ខែ តាមបណ្តាសង្គម Facebook និងតាមបណ្តាព័ត៌មានផ្សេងៗ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ធ្វើការពិតប្រាកដ ដូចភ្លៀងរលឹម ទាំងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថវិកាបេសកកម្ម ព្រមទាំងការពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលជាការលះបង់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសង្គ្រោះជីវិតប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១១ឆ្នាំ ឈានចូល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០៥ វិច្ឆិកា ឆ្នាំ២០២៣) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់)»

លោកបន្ថែមថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៦៦៧លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១២៤,៨៨៨នាក់ (ដប់បីលានដប់ពីរម៉ឺនបួនពាន់ប្រាំបីរយប៉ែតសិបប្រាំបី នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧១១,៨៤១នាក់ (ប្រាំមួយលាន ចិតសិបមួយម៉ឺនមួយពាន់ប្រាំបីរយសែសិបមួយ នាក់) គិតត្រឹម ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានចំនួន ២ ភាគ ៣ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី»

លោកបន្តទៀតថា «ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៧១,៥៥១ដូស (ដប់មួយលានប៉ែតសិបប្រាំពីរម៉ឺនមួយពាន់ប្រាំរយហាសិបមួយ ដូស) ក្នុង ២៥ រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៦,២៤៤,៤០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំមួយលានម្ភៃបួនម៉ឺនបួនពាន់ បួនរយ ដុល្លារសហរដ្ឋអាមេរិក)»

ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរាជរដ្ឋាភិបាល គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គឺនាំឱ្យមានកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។

គួររម្លឹកថា តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រយៈពេល១១ឆ្នាំកន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ៕

ជាចុងក្រោយ ប្រធានប្រត្តិបត្តិនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានឲ្យដឹងទៀតថា «ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៅទៀត។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ»