(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Minnie Chey នាយិកាធនាគាអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីនាយិកានូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។  យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤៖

១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។

២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជនជនបទរស់នៅមានភាពថ្លៃថ្នូរ ឥរិយាបថល្អ ប្រកបដោយសុខភាពល្អ និងអនាម័យល្អ ព្រមទាំងមានផាសុកភាព។

៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីក៏បានថ្លែអំណរគុណចំពោះ Korean Eximbank ដែលតែងតែគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាច្រើនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍តាំងពីអាណត្តិទី៦​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ក្រោមម្លប់សុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលរួមមានគម្រោង៖ Rural Roads Improvenment Project-I-RRIP និង Rural Roads Improvements Project II-RRIP គម្រោងទាំងពីរនេះបានបញ្ចប់រួចរាល់ក្នុងឆ្នាំ​២០១៥ និងឆ្នាំ​២០២២។ គម្រោង Rural Roads Improvements Project III-RRIP កំពុងអនុវត្តបានប្រមាណ៤៦%ហើយមកទល់នឹងពេលនេះ។ ទន្ទឹមនឹងនេះនៅមានគម្រោងជាច្រើនទៀតដែលក្រសួងកំពុងអនុវត្ត និងទទួលបានជំនួយបន្ថែមពីធនាគាកូរ៉េក្នុងពេលនេះ ក៏ដូចជាទៅឆ្នាំខាងមុខបន្តទៀត។

លោកស្រី Minnie Chey បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយកម្ពុជាជាប់ជាចំណាត់ថ្នាក់លេខ២ ក្នុងការទទួលបានជំនួយច្រើនជាងគេបង្អស់ពី Korean Eximbank។  លោកស្រីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាកន្លងមក និងប្រកាសជំហរបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត។

លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីនាយិកា និងសហការីថា ក្រសួងអភិវឌ្ឍន៍ជនបទបានត្រៀមខ្លូនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយ Korean Eximbank  នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានធ្វើការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានយ៉ាងស្អិតល្មួត ក្រោមឆ័ត្រនៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ សំដៅផ្តល់ប្រយោជន៍ពិតជូនដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះភាគីមិត្តកូរ៉េដែលតែងតែជួយគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា និងថ្លែងអំណរគុណលោកស្រីនាយិកាធនាគាអាហរ័ណ-នីហរ័ណកូរ៉េប្រចាំកម្ពុជា ដែលបន្តកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រសួងផងដែរ៕