(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយនូវកិច្ចការចាំបាច់មួយដល់រដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍រាជធានី-ខេត្តនានា នោះគឺការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២១-២០២៥ របស់រដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពវិស័យទេសចរណ៍ និងរកឱ្យឃើញនូវបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រាជធានី-ខេត្ត ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពលោក ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី សុខ សូកេន ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អភិបាលរងនិងតំណាងរដ្ឋបាលរាជធានី-ខេត្ត ប្រធាន-អនុប្រធាននិងតំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត មន្ត្រីរាជការនៃក្រសួងទេសចរណ៍ វិស័យឯកជនសរុបជិត១០០នាក់ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានលើកឡើងនូវសាវតាមួយចំនួនថា កន្លងទៅ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ ដែលបច្ចុប្បន្នមានលោកទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាននៅថ្នាក់ជាតិ ហើយមានអភិបាលរាជធានី-ខេត្ត ជាប្រធាននៅថ្នាក់ក្រោមជាតិ ដូច្នេះគណៈកម្មាធិការនៅថ្នាក់ជាតិគឺមានផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០២៥ ដែលជាយន្តការអនុវត្តជាបណ្ដើរៗមកហើយ។ ក្រោមការគាំទ្ររបស់ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្តបានរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១-២០២៥ដូចគ្នាដែរ ដោយស្របទៅតាមផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយដំណាក់កាលកូវីដ១៩។

លោកបានបន្តថា សិក្ខាសាលានៅថ្ងៃនេះគឺចង់ផ្សព្វផ្សាយដល់រដ្ឋបាលរាជធានី-ខេត្តពីការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២១-២០២៥ របស់រដ្ឋបាលរាជធានី-ខេត្តនីមួយៗនោះ ពិសេសគឺផ្ដល់ភាពម្ចាស់ការឱ្យរដ្ឋបាលរាជធានី-ខេត្តក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រាជធានី-ខេត្តរបស់ខ្លួន។

លោកពន្យល់ទៀតថា ការវាយតម្លៃពាក់កណ្ដាលអាណត្តិនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រាជធានី-ខេត្តនេះ ក្រសួងទេសចរណ៍បានដាក់ចុះនូវទិសដៅចំនួន៨ចំណុចសំខាន់ៗ៖ ទី១-ការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ និងពង្រឹងគុណភាពសេវាកម្ម ទី២-ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ទី៣-ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ ទី៤-សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ទី៥-ប្រព័ន្ធច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការគ្រប់គ្រង ទី៦-ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ទី៧-ការជំរុញការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ទី៨-ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន។

លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍បានផ្ដល់ទម្រង់របាយការណ៍ជូនរដ្ឋបាលរាជធានី-ខេត្ត ដែលស្ថាប័នថ្នាក់ក្រោមជាតិនីមួយៗគ្រាន់តែបំពេញទៅតាមទម្រង់នេះ។ បន្ទាប់មក នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ នឹងត្រួតពិនិត្យលើលទ្ធផលការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ។ បន្ទាប់មកទៀត នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានផ្សេងៗទៀតដែលជាសេនាធិការរបស់ក្រសួង នឹងចុះទៅពិនិត្យជាក់ស្ដែង ទៅសម្ភាសន៍ ប្រមូលតឹកតាងជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ថា តើអ្វីដែលបញ្ជាក់ក្នុងទម្រង់របាយការណ៍នោះ ត្រឹមត្រូវដូចទៅនឹងភាពជាក់ស្ដែងឬក៏អត់?។ តមកទៀតនោះ នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងទេសចរណ៍ពីលទ្ធផលនៃការអនុវត្តតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជធានី-ខេត្តនីមួយៗ ព្រមទាំងរាយការណ៍ពីបញ្ហាប្រឈម សំណូមពរ តម្រូវការផ្សេងៗជូនថ្នាក់ដឹកនាំក្រសួងផងដែរ ដើម្បីដោះស្រាយទៅលើបញ្ហាទាំងនោះជាបន្តបន្ទាប់ទៀត ព្រោះដោយហេតុថា បញ្ហាខ្លះ ទាល់តែថ្នាក់ជាតិទើបអាចដោះស្រាយជូនបាន។

នៅក្នុងសិក្ខាសាលាព្រឹកនេះ ក៏មានការលើកឡើងនូវសំណូមពរពីរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខ្លះដែរ ដូចជា បញ្ហាកង្វះមន្ត្រី-បុគ្គលិកដែលជាអ្នករៀបចំផែនការ សរសេរផែនការ បូកសរុបនិងសរសេររបាយការណ៍។ ត្រង់ចំណុចនេះ លោក ជួប រតនា បានបញ្ជាក់ថា នៅដើមឆ្នាំ២០២៤ខាងមុខនេះ នឹងមានការរៀបចំសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញដែលជាអ្នករៀបចំផែនការ សរសេរផែនការ និងវាយតម្លៃផែនការ។ ដូច្នេះពីមួយឆ្នាំទៅមួយឆ្នាំ លោកជឿជាក់ថានឹងអាចពង្រឹងសមត្ថភាពមន្ត្រីជំនាញៗទាំងនោះបានកាន់តែច្រើន ដែលទាំងនេះគឺស្របទៅនឹងគំនិតផ្ដួចផ្ដើមរបស់លោករដ្ឋមន្ត្រី សុខ សូកេន បង្កើន៥ និងអភិវឌ្ឍន៍៣។

លោក ជួប រតនា បានបញ្ជាក់ថា ជាលទ្ធផលនៅក្នុងសិក្ខាសាលាព្រឹកនេះ តំណាងរដ្ឋបាលរាជធានី-ខេត្តបានគាំទ្រ និងជួយជំរុញបន្ថែមដល់មន្ទីរទេសចរណ៍ ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីសហការគ្នាប្រមូលនូវលទ្ធផលដែលបានពីការអនុវត្តផែនការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

ដោយមានការគាំទ្រពីរដ្ឋបាលរាជធានី-ខេត្តយ៉ាងដូច្នេះហើយ លោកប្រធាននាយកដ្ឋានសង្ឃឹមថា វិស័យទេសចរណ៍នឹងត្រូវបានជំរុញការស្ដារ និងលើកស្ទួយឱ្យកាន់តែមានភាពទាក់ទាញ មានគុណភាព ប្រសិទ្ធភាព ផលិតផលទេសចរណ៍កាន់តែល្អជាងមុន ដែលនឹងចូលរួមទៅដល់ការសម្រេចបានតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្ដីពីការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីពេលកន្លងទៅនោះ៕