(ភ្នំពេញ)៖ ស្ត្រីបឹងកក់ពីរនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។ សវនាការនាពេលខាងមុខ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។
លោក លី សុផាណា អ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ «ចៅក្រម ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទេព វន្នី និងឈ្មោះ ប៊ូវ សោភា តាមនីតិវីធីបង្គាប់អោយបង្ហាញខ្លួនភ្លាម ដែលជាប់ចោទពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ បន្ទាប់ពីដំណើរការសវនាការ ចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនជនជាប់ចោទទាំង២រូប ដើម្បីបន្តសវនាការនៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ពេលព្រឹក»។
មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល៕