(ភ្នំពេញ)៖ អនុលោមទៅតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា, នៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មកម្ពុជា រួមនិងក្រសួងពាណិជ្ជកម្ម រៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស តំណាងលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការ រៀបចំការបោះឆ្នោត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក គឹម ច័ន្ទភិរម្យ កុងស៊ុលកិត្តិយសប្រចាំទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា។

ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធីច្បាប់ជាធរមាន។ ឆ្លងតាមលទ្ធផលនៃការបោះឆ្នោត លោក ម៉ូ ខេវិន ត្រូវបានជ្រើសរើសជាប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១។

គណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផល សមាសភាពប្រធាន និងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ិច ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ ចំនួន ៩រូប៕