(ភ្នំពេញ)៖ ចលនាភូមិ១ ផលិតផល១ គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយចំណាកស្រុក កាត់បន្ថយភាពក្រីក្រដែលទាំងនេះ គឺជាមូលដ្ឋានចាំបាច់ ក្នុងការរួមចំណែកធ្វើឲ្យកម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

នេះជាប្រសាសន៍របស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីលោកស្រី កែវ សុខពិសី អភិបាលរង តំណាងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយរាជធានីភ្នំពេញ, លោក លោកស្រី ផលិតករដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍។

បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រីបន្តថា ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ចលនាភូមិ១ផលិតផល១ ក៏បានផ្តោតដល់ការលើកកម្ពស់ផ្នែកវប្បធម៌ ប្រពៃណីផងដែរ តាមរយៈការផ្តល់ការយកចិត្តទុកដាក់ទៅលើផលិតផលតាមមូលដ្ឋាន ដែលមានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណីរបស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍ និងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ។

ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ នឹងផ្តល់លទ្ធភាពយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានាដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ធ្វើការណែនាំ និងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យយល់ច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិ១ផលិតផល១។
បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីបន្តថា គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦-២០២៦ ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៦ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ អមជាមួយផែនការយុទ្ធសាស្ត្រ គឺជាឯកសារតម្រង់ទិសដ៏សំខាន់សម្រាប់ការជំរុញចលនាភូមិ១ផលិតផល១ ឲ្យមានការអនុវត្តបែបប្រទាក់ក្រឡារវាងក្រសួងស្ថាប័នពាក់ព័ន្ធ។

ក្របខណ្ឌផែនការយុទ្ធសាស្ត្រជាតិជំរុញចលនាភូមិ១ផលិតផល១ លើកទី១ (២០១៩-២០២៣) បានដាក់ចេញនូវចង្កោមសកម្មភាពសំខាន់ចំនួន៦ មាន ១១៨សកម្មភាពគន្លឹះ ដែលមកដល់ពេលនេះ សកម្មភាពមួយចំនួនធំត្រូវបានអនុវត្តរួចរាល់ វៀរលែងតែសកម្មភាពខ្លះបានរងការខកខាន ដោយសារការរាតត្បាតនៃជម្ងឺកូវីត១៩ នាពេលកន្លងទៅ។ ឯកឧត្តមបណ្ឌិតសភាចារ្យបញ្ជាក់ថា ការជំរុញចលនាភូមិ១ផលិតផល១ គឺជាក្របខណ្ឌការងារអន្តរវិស័យ ទាមទារឲ្យមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសគណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ រាជាធានី-ខេត្ត ដែលលេខាធិការដ្ឋានមានមន្ទីរជំនាញជាសមាជិក។

បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រីបន្ថែមថា ក្នុងក្របខណ្ឌការងារជំរុញចលនាភូមិ១ ផលិតផល១, សំណុំសកម្មភាពគន្លឹះត្រូវបានដាក់ចេញក្នុងគោលនយោបាយ ក៏ដូចជាផែនការយុទ្ធសាស្ត្ររួចហើយ ក៏ប៉ុន្តែការអនុវត្តហាក់បីដូចជានៅមានកម្រិតនៅឡើយ។ ជាក់ស្តែងតាមរយៈការប្រមូលចងក្រងផលិតផលភូមិមួយផលិតផលមួយ ២លើកកន្លងមកនេះ ផលិតផលដែលបានស្នើសុំវាយតម្លៃទទួលស្គាល់ជាផលិតផលភូមិ១ ផលិតផល១ភាគច្រើនជាផលិតផលក្នុងក្រុមចំណីអាហារ ដែលមានការកែច្នៃចេញពីផលិតផលកសិកម្មតិចតួចតែប៉ុណ្ណោះ ដូចជាសាច់ងៀត បន្លែជ្រក់ ដំណាប់ផ្លែឈើជាដើម។

ស្ថានភាពនេះបានបង្ហាញថា សមត្ថភាពកែច្នៃចេញជាផលិតផលសម្រេចរបស់យើងនៅមានកម្រឹត។ មួយវិញទៀត ផលិតផលមួយចំនួនធំ គុណភាពនៅមានកម្រិត ការវេចខ្ចប់នៅមិនទាន់បានត្រឹមត្រូវល្អ តម្លៃនៅខ្ពស់ ធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែងលើទីផ្សារសេរី។
ការណ៍នេះទាមទារឲ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលមានក្រសួងជំនាញជាសមាជិក ត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួនថែមទៀតដើម្បីកម្ពុជាមានផលិតផលសម្បូរបែប និងឈានដល់ការពង្រឹងចំណូលសេដ្ឋកិច្ច ប្រជាជនតាមមូលដ្ឋាន។

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានស្នើដល់ក្រសួង-ស្ថាប័ន និងអជ្ញាធរពាក់ព័ន្ធ បន្តកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ឲ្យកាន់តែសកម្មថែមទៀត, ជំរុញលើកនិងកម្ពស់ចលនាភូមិ១ផលិតផល១ក្នុងមូលដ្ឋានរបស់ខ្លួន, រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ឲ្យបានទៀងទាត់ និងរៀបចំការតាំងលក់ តាំងបង្ហាញផលិតផលក្នុងមូលដ្ឋានឲ្យបានសកម្ម, បន្តការស្រាវជ្រាវរិះរកបច្ចេកទេស និងមធ្យោបាយនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីជួយបណ្តុះបណ្តាលដល់ផលិតករយើង ធ្វើឲ្យផលិតផលក្នុងស្រុកយើងកាន់ តែមានសក្តានុពលទីផ្សារ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ស្របតាមស្តង់ដាជាក់លាក់មួយ។ ជាមួយនោះ អាជ្ញាធរពាក់ព័ន្ធត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកផលិតក្នុងមូលដ្ឋាន នៅពេលពួកគាត់ត្រូវការសេវារដ្ឋបាល និងបច្ចេកទេសផ្សេងៗ។

លោក ផល សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានប្រមូលចងក្រងផលិតផលភូមិ១ផលិតផល១ ចំនួន២លើករួចមក ដោយទទួលបានផលិតផលទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១ ចំនួន ៥៥៩ផលិតផល ដែលក្នុងនោះ សម្រាប់រាជធានីភ្នំពេញមានចំនួន ៥៦ផលិតផល។ ផលិតផលទាំងនេះ នឹងត្រូវធ្វើការវាយតម្លៃដាក់ចំណាត់ថ្នាក់ផលិតផល ផ្កាយ១,២,៣,៤,៥។

តាមរយៈសកម្មភាពនេះ វានឹងក្លាយទៅជាកម្លាំងអូសទាញមួយថែមទៀត ក្នុងការទាក់ទាញទឹកចិត្តផលិតករក្នុងស្រុក ឲ្យមានការខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ និងបង្កើនឱកាសទីផ្សារ និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។

បន្ទាប់មក បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញប្រគល់វិញ្ញាបនបត្រទទួលស្គាល់ ផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២២ ចំនួន ៥៦ផលិតផល ដែលមានមូលដ្ឋានផលិតនៅរាជធានីភ្នំពេញ និងបានអញ្ជើញទស្សនាស្តង់ផលិតផលភូមិ១ផលិតផល១ ដែលរៀចំតាំងបង្ហាញនៅខាងក្រៅបន្ទប់អង្គសិក្ខាសាលានោះផងដែរ៕