(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក វ៉ី សំណាង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភសម្រាប់សម្រាល ការស្នាក់នៅព្យាបាលដល់កម្មករកម្មការិនីចំការស្វាយចំនួន៣៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ២០២៣ លើកំណាត់ផ្លូវក្រាលកៅស៊ូ ចំណុចភូមិក្បាលទឹកលើ ឃុំជ៉ាំសង្កែ ស្រុកភ្នំស្រួច។

លោក វ៉ី សំណាង បានលើកឡើងថា គ្រោះថ្នាក់ពិតជាមើលមិនឃើញនោះទេ ការធ្វេសប្រហែសតែមួយវិនាទេ គឺបណ្តាលឱ្យយើងជួបនូវគ្រោះថ្នាក់ភ្លាម ដូច្នេះហើយទើបទាមទារឱ្យយើងគ្រប់គ្នាតោងឱ្យមានការប្រុងប្រយត្ន័ខ្ពស់ ពិសេសគឺអ្នកបើកបរ និងអ្នកបញ្ជាយានយន្តគ្រប់រូបភាព ការធ្វេសប្រហែសមួយពេលគឺធ្វើឱ្យយើងត្រូវបាត់បង់គ្រប់យ៉ាង ត្រូវរងពិការភាពនិងខ្លះត្រូវបាត់បង់ទាំងអាយុជីវិតទៀតផង។

អភិបាលខេត្តសង្កត់ធ្ងន់ថា «នេះពិតជាសំណាងដែលមិនមានបងប្អូនណាម្នាក់ ត្រូវបាត់បង់អាយុជីវិត តែមានបងប្អូនខ្លះត្រូវប្រើរយៈពេលយូរដើម្បីសម្រាកព្យាបាលឱ្យបានជាសះស្បើយ ទាំងនេះធ្វើឱ្យបងប្អូនមិនបានទៅបម្រើការងារ ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ តែយ៉ាងណាសូមបងប្អូនកុំទាន់គិតលើកត្តានេះអីគឺត្រូវគិតពីសុខភាពសំខាន់ និងខិតខំអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ»។

លោកវេជ្ជបណ្ឌិត ឃីម វិដាសែត ជំនាញផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នកម្មករ កម្មការិនី ដែលបានជួបឧបទ្ទវហេតុមាន៥នាក់ រងរបួសធ្ងន់ដោយ២នាក់បាក់ដងកាំបិត និង៣នាក់ប៉ះពាល់ក្បាលធ្ងន់ធ្ងរ។

បច្ចុប្បន្នពួកគាត់កំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដែលការព្យាបាលនេះនិងប្រើរយៈពេលយូរ ចំណែកអ្នករបួសស្រាលផ្សេងទៀតអាចប្រើរយៈពេលព្យាបាល ត្រឹមតែមួយសប្តាហ៍ទៅ១០ថ្ងៃប៉ុណ្ណោះអាចវិលទៅធ្វើការជាធម្មតាវិញហើយ៕