(ភ្នំពេញ)៖ ក្នុងជំនួបជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ឥណ្ឌា សន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាពអង់អាចដល់កុមារី យុវតី ស្រ្តី។

ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា, លោកស្រី ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ឥណ្ឌាក៏នឹងបន្តសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម អប់រំ វប្បធម៌ ថាមពល ការជួយអភិរក្សប្រាសាទបុរាណជាដើម។

លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត បានថ្លែងអំណរគុណចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានចងចាំ និងបានរំលឹករឿងរាវអតីតកាល។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌារូបនេះ បានគូសបញ្ជាក់ថា មិនខុសពីអតីតកាលនោះទេ ទៅថ្ងៃអនាគត និងពេលបច្ចុប្បន្ននេះ ឥណ្ឌានៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើនត្បិតអីពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លាំងក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្មបុរាណដ៏ល្អឯក។

សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត ដែលបានរួមវិភាគទានដ៏មានតម្លៃ ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានរំលឹកពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងជាពិសេសរវាងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងលោក ចាវ៉ាហាឡាល នេហ៍រុ នាយករដ្ឋមន្រ្តីទីមួយ នៃសាធារណរដ្ឋឥណ្ឌា និងជានាយករដ្ឋមន្រ្តីឥណ្ឌាដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ១៩៥៤ ក្រោយកម្ពុជាទទួលបានឯករាជ្យភាព ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលកំពុងរីកចម្រើន និងត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងកេរដំណែលរួមនៃប្រវត្តិសាស្ត្រសាសនា វប្បធម៌ និងអរិយធម៌រវាងប្រទេសទាំងពីរ។ គួររំលឹកថា ក្រោយរបប ប៉ុល ពត ឥណ្ឌាបានជួយគាំទ្រ និងជួយស្តារកម្ពុជាក្នុងគ្រាដ៏លំបាកនោះជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន រួមមានជំនួយជាថ្នាំសង្កូវ គ្រូពេទ្យ និងការបោសសម្អាតមីនជាដើម។

សម្តេចរដ្ឋសភាធិបតី បានរំលឹកបន្ថែមថានៅក្នុងឆ្នាំ១៩៨១ សម្តេចផ្ទាល់ បានបំពេញទស្សនកិច្ចនៅឥណ្ឌា និងបានរៀបរាប់ពីវិនាសកម្មក្នុងរបបប៉ុលពតដល់ពិភពលោកបានដឹង។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់លោកស្រីនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំង ស្របពេលដែលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើនមានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌា នៅតែឈររឹងមាំជាមួយគ្នាគ្រប់កាលៈទេសៈ និងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជាផលប្រយោជន៍យ៉ាងច្រើនជូនប្រទេសនិងប្រជាជនទាំងសងខាង។ សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង នូវលទ្ធផលនៃជំនួបរវាងលោកស្រីឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែតុលា កន្លងទៅថ្មីៗនេះ ជាពិសេសលើការឯកភាពគ្រោងឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើលោកស្រីឯកអគ្គរដ្ឋទូត ជួយជំរុញ ​និងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌា មកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើនឡើង។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌាជួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ។

សម្តេចរដ្ឋសភាធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងនៃរដ្ឋសភាទាំងពីរ ហើយគូសបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា-ឥណ្ឌាក្នុងក្របខ័ណ្ឌពហុភាគីនានា បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាជាច្រើន មានដូចជា APPF, APF, IPU និង AIPA ជាដើម។ កាលពីឆ្នាំ២០២២កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។ លោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភាឥណ្ឌាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ហើយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងក្របខ័ណ្ឌសភាអាយប៉ា។

រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ដែលក្រុមមិត្តភាពសភានេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ វិស័យការទូតសភា ការចែករំលែកបទពិសោធន៍គ្នាលើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមក នៅគ្រប់វេទិកាអន្តរសភាទាំងក្នុងតំបន់ និងសកលលោក។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញ សម្តេចរដ្ឋសភាធិបតី ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅពេលសមស្របណាមួយ ដែលការអញ្ជើញនេះសម្តេចរដ្ឋសភាធិបតី បានទទួលយក៕