(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញគ្រប់គ្រងចម្ការមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៦ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្រោមការជួយឧបត្ថម្ភគាំទ្រពីសាធារដ្ឋបារាំង និងកិច្ចសហការពីប្រទេសអូស្រ្តាលី។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ត្រី Cryprien Martin តំណាងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងជាទីប្រឹក្សាបារាំង អមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ។

វគ្គហ្វឹកហ្វឺននេះ មានរយៈពេល ៣សប្តាហ៍ ដែលមានយោធាចារ្យមកពីប្រទេសបារាំង កម្ពុជា និងអូស្រ្តាលី នឹងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមមកពីប្រទេសចំនួន១០ ដូចជា៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ នេប៉ាល់ បង់ក្លាដែស វៀតណាម ឡាវ ម៉ុងហ្គោលី សេរីឡាំងការ និងកូរ៉េខាងត្បូង។ វគ្គហ្វឹកហ្វឺននេះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងប្រតិបត្តិការរក្សាសន្តិភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបង្ហាញសេចក្តីរីករាយជាអនេក ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំ ដែលនេះបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើជំនាញបោសសម្អាតមីន។

ឧត្តមសេនីយ៍ទោ បានបន្ថែមថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញគ្រប់គ្រងចំការមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៦ នៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របគ្នានឹងការយកចិត្តទុកដាក់លើវិស័យមីនដោយកម្ពុជា បានចាត់ទុកវិស័យនេះជាអាទិភាពទី១៨បន្ថែម ពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ (SDGs)។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ ​ជឿជាក់ថា កម្ពុជា ក៏នឹងដកស្រង់បានមេរៀន បទពិសោធន៍ថ្មីៗ និងការធ្វើនវានុវត្តលើចំណេះ ជំនាញថែមទៀតពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀត ក្នុងប្រទេសសាម៉ី និងក្នុងប្រតិបត្តិការរក្សាសន្តិភាពសម្រាប់អនាគត។

លោកវរសេនីយ៍ត្រី Cryprien Martin បានលើកឡើងថា មេរៀននៃវគ្គហ្វឹកហ្វឹន នឹងស្របតាមស្តង់ដារអន្តរជាតិ ពោរពេញទៅដោយការចែករំលែក ផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក ជាពិសេស នឹងផ្តោតសំខាន់ទៅលើចំណេះដឹង និងជំនាញ ដែលចាំបាច់សម្រាប់រៀបចំផែនការរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការនៅទីលានជាក់ស្តែង។ ទន្ទឹមនោះ ក៏នឹងផ្តោតសំខាន់លើការចូលរុករកពេលប្រតិបត្តិការក្នុងអាគារ ដែលជាផ្នែកដ៏សំខាន់មួយក្នុងពេលបំពេញបេសកកម្ម។

ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាព ដូច្នេះថា ក្នុងឆ្នាំ២០២៣នេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពជាអាទិភាពក្នុងការថែរក្សា និងពង្រឹង សន្តិភាព ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិក្នុងលោកជាបន្តទៀត ដែលនិន្នាការនេះក៏ស្របគ្នានឹងការលើកឡើងរបស់លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានសង្កត់ធ្ងន់លើកិច្ចប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខក្នុងលោក និងតាមរយៈការថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានលើកឡើងថា «កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ»៕

http://image.freshnewsasia.com/2021/id-025/fn-2023-11-07-05-46-30-3.JPG