(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០២៣ បានផ្ដាំផ្ញើដល់ប្អូនៗជាបេក្ខជនបេក្ខនារី ដែលមកពីបណ្ដាលស្រុកនានានៅខេត្តព្រៃវែង មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដើម្បីដំណើរការដល់ការប្រឡងរបស់ប្អូនៗទទួលបានជោគជ័យ។

ការលើកថ្លែងឡើងបែបនេះរបស់អភិបាលខេត្តព្រៃវែង បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ថ្ងៃទី២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។

ក្នុងឱកាសនោះក៏មានការចូលរួមលោកស្រី ទន់ សាអ៊ឹម អនុរដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែង ក្រុមការងារ ACU ផងដែរ។

លោក សួន សុម៉ាលីន បានថ្លែងណែនាំទៅដល់បេក្ខជនបេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទូលបានជំនាញដែលខ្លួនស្រឡាញ់។

លោក សួន សុម៉ាលីន បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រឡងនេះធ្វើយ៉ាងណាដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ មានសមត្ថភាពក្នុងការ បម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។

លោកអភិបាលខេត្ត ក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឲ្យបានជាប់គ្រប់ៗគ្នា។

សូមបញ្ជាក់ថា ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,១៣៥ នាក់ ស្រីចំនួន ៤,៣៥៤ នាក មានចំនួន ១៥ មណ្ឌល មានចំនួន ៣២៧ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។

ដោយផ្នែកវិទ្យាសាស្រ្ត មាន ៣ មណ្ឌល ស្មើនឹង ៧៨ បន្ទប់ មានបេក្ខជន សរុបចំនួន ១,៩៤២ នាក់ ស្រី ១,១៥៧ នាក់ និង ផ្នែកវិទ្យាសាស្រ្តសង្គម ចែកចេញ ជា ១២ មណ្ឌល មាន ២៤៩ បន្ទប់ ដែលមានបេក្ខជន ចំនួន ៦,១៩៣ នាក់ ស្រី ៣,១៩៧ នាក់៕