(បន្ទាយមានជ័យ)៖ ៣ឆ្នាំមុនពុំមានប្រទីបចូលរួមលយនៅដងស្ទឹងសិរីសោភ័ណនោះទេ តែឆ្នាំនេះខុសពីឆ្នាំមុនដែលមានប្រទីបរហូតដល់ទៅចំនួន៣៩ មកពីគ្រប់មន្ទីរអង្គភាពស្រុក ក្រុងបានចូលរួមលយនៅតាមដង ស្ទឹងសិរីសោភ័ណ ដើម្បីអបអរសាទរក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ ស្ថិតតាមដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋ មកចូលរួមទស្សនាកំសាន្តសប្បាយតាមចិត្ត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅដែលមានរយៈពេល ២២ថ្ងៃ ហើយប្រទីបដែលចូលរួមមាន៣៩ប្រទីប រួមមាន៖

*រដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរសុខាភិបាល មន្ទីររៀបចំដែនដី មន្ទីរសេដ្ឋកិច្ច មន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ
មន្ទីរការងារ មន្ទីរធនធានទឹក សាខាធនាគារជាតិ មន្ទីរអប់រំខេត្ត មន្ទីរពាណិជ្ជកម្ម និងមន្ទីរប្រៃសនីយ៍ មន្ទីរវប្បធម៌ មន្ទីរធម្មការ មន្ទីរសង្គមកិច្ច មន្ទីរព័ត៌មាន មន្ទីរទេសចរណ៍ មន្ទីររ៉ែ និងថាមពល អគ្គិសនីខេត្ត មន្ទីរកសិកម្ម មន្ទីរឧស្សាហកម្ម មន្ទីរអធិការកិច្ច ពន្ធនាគារ មន្ទីរមុខងារសាធារណៈ មន្ទីរផែនការ មន្ទីរបរិស្ថាន មន្ទីរកិច្ចការនារី រដ្ឋបាលក្រុងសិរីសោភ័ណ រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលស្រុកព្រះនេត្រព្រះ រដ្ឋបាលស្រុកភ្នំស្រុក រដ្ឋបាលស្រុកស្វាយចេក រដ្ឋបាលស្រុកថ្មពួក រដ្ឋបាលស្រុកអូជ្រៅ រដ្ឋបាលស្រុកម៉ឡៃ និងរដ្ឋបាលក្រុងប៉ោយប៉ែត។

នៅពេលយប់ក៏មានប្រទីបរបស់ប្រជាពលរដ្ឋ ដែលបានយកប្រទីបរបស់ខ្លួនមកចូលរួមលយនៅដងស្ទឹងសិរីសោភ័ណនេះផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបានយកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីប្រជាពលរដ្ឋ និងទេសចរណ៍បានមកសប្បាយរីករាយនៅក្នុង ពិធីបុណ្យនេះផងដែរ។

ទន្ទឹមនឹងនេះដែរ លោក អ៊ុំ រាត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ ដែលបានមកទស្សនាពិធីបុណ្យ ត្រូវចេះគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នាចៀសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសេចក្តីសុខគ្រប់ៗគ្នា។

លោក អ៊ុំ រាត្រី ក៏បានសូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យឲ្យជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែឲ្យបានគ្រប់គ្នាផងដែរ៕