(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តពលរដ្ឋទៅបំពាក់ឧបករណ៍ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីទទួលបានភាពងាយស្រួល និងអាចធ្វើដំណើរតាមគន្លងផ្លូវ ETC(ច្រកអាទិភាព) បានភ្លាមៗ ដោយមិនចាំបាច់តម្រង់ជួររង់ចាំ ជួយសន្សំសំចៃពេលវេលា ខណៈដែលក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តពន្យារពេល មិនយកថ្លៃសម្រាប់ការចុះឈ្មោះដើម្បីបំពាក់ឧបករណ៍នេះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ជាមួយនឹងការអបអរខួប១ឆ្នាំនៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ក្រុមហ៊ុនបានឯកភាពជាមួយរាជរដ្ឋាភិបាល, ពេលដែលបើកលើផ្លូវល្បឿនលឿន ក្រុមហ៊ុនគិតលុយ ៨០% ហើយមួួយឆ្នាំត្រូវដំឡើងព្រោះគាត់ត្រូវការវិនិយោគ ប៉ុន្តែឥលូវរាជរដ្ឋាភិបាលបានចរចារ ក្រុមហ៊ុនក៏មានការយោគយល់ និងបានពន្យាសម្រាប់ការបង់ថ្លៃតាមប្រព័ន្ធ ETC មិនមានការតម្លើងទេសម្រាប់ក្នុងរយៈពេល១ឆ្នាំ ដោយឡែកការជិះលើផ្លូវដោយរង់ចាំបង់ជាសាច់ប្រាក់ផ្ទាល់គឺមានការពន្យាពេលចំនួន ៦ខែទៀត។

ស្របជាមួយការនឹងពន្យាពេលឡើងថ្លៃសម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋដូចនេះថា «សុំបងប្អូនទៅដាក់ពាក្យ សុំបំពាក់ឧបករណ៍ ETC តាមប្រព័ន្ធអេឡិចត្រូនិចនេះ ស្រួលផងវាមិនចាំបាច់រង់ចាំ ខ្ញុំពេលខ្លះជិះក្បូនមក មកក្បូននឹង ពេលឡានមកដល់ទ្វាវាបើកស្រាប់ ព្រោះយើងបញ្ជូលកាតក្នុងនឹង ងាយស្រួលអត់ចាំបាច់ចាំ ហើយបើអ្នកបង់សាច់ប្រាក់ត្រូវតកន្ទុយគ្នាខាតពេល»

ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណដល់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារ ដែលបានចរចារសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនមួយនេះ ដែលផ្លូវមួយនេះគឺបានចំណាយថវិកាសាងសង់ជាង ២ពាន់លានដុល្លារ ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បត្តិការ​-ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ។

សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា ការធ្វើដូចនេះគឺមាននៅគ្រប់ប្រទេសទាំងអស់ ជាក់ស្តែងនៅពេលដែលសម្តេចធ្វើដំណើរទៅសហរដ្ឋអាមេរិក រាល់ពេលដែលធ្វើដំណើរពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត គ្រាន់តែត្រូវបង់ថ្លៃផ្លូវនេះមានច្រើនកន្លែង ព្រោះពីរដ្ឋមួយទៅកាន់រដ្ឋមួយទៀត មានក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿននេះ ៣ ទៅ៤ក្រុមហ៊ុន សម្រាប់សាងសង់ ដែលនេះគឺជាការចូលរួមរបស់វិស័យឯកជន។

គួរបញ្ជាក់ដែរថា ETC (Electronic Toll Collection) ជាច្រកអាទិភាពនៅពេលដែលរថយន្តបានបំពាក់ឧបករណ៍ OBU(On-Board Unit) រួច លោកអ្នកអាចធ្វើដំណើរតាមគន្លងផ្លូវ ETC(ច្រកអាទិភាព)បានភ្លាមៗ ដោយមិនចាំបាច់តម្រង់ជួររង់ចាំ ជួយសន្សំសំចៃពេលវេលា និងចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកប​រ។

ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាសាធារណៈ AEON3 ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង ៨ទីតាំង ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) និងបណ្ណសម្គាល់យានជំនិះ(កាតគ្រី)។ (មានឯកសារ២ក្នុងចំណោមឯកសារ៣នេះគឺអាចធ្វើបាន បញ្ជាក់៖ សម្រាប់សហគ្រាសដែលមានបំណងបើកគណនីសូមភ្ជាប់មកជាមួយនឹងឯកសារខាងលើ ព្រមទាំងប័ណ្ណប៉ាតង់។

គន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖ ធនាគារ ជីបម៉ុង ធនាគារ អេស៊ីលីដា ធនាគារវីង ធនាគារ វឌ្ឍនៈ លីហួរវេរលុយ ធនាគារព្រីនស៍ ធនាគារ ABA និងធនាគារ ស្ថាបនា៕