(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាំងពីក្លាយជានាយករដ្ឋមន្ត្រីមក សម្តេចស្គាល់តែបន្ទប់គេង ការិយាល័យធ្វើការ ឯកសារ ផ្លូវទៅធ្វើការ និងធ្វើការ ដោយឡែក កម្មវិធីផ្សេងៗ លែងត្រូវបានគេអញ្ជើញហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមក ស្គាល់តែបន្ទប់គេង ប៊ុយរ៉ូ (ការិយាល័យ) ឯកសារ ផ្លូវទៅធ្វើការ និងកន្លែងធ្វើការ។ កម្មវិធីអីគេលែងហៅហើយ។ ល្ងាចម្សិលមិញ ចប់កម្មវិធីនៅក្រសួងមហាផ្ទៃ ក៏ស៉ីញ៉េ (ចុះហត្ថលេខា) លើឯកសារ ប្រជុំដោះស្រាយវិស័យទេសចរណ៍ ហើយល្ងាចជជែករឿងពន្ធ ទៅដល់ផ្ទះស៉ីញ៉េឯកសារ ធ្វើកិច្ចតិចតួច ម៉ោង១២ ដាក់មួយប្រាវទៅ (សម្រាក)»

ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺចង់បង្ហាញថា ការងារជានាយករដ្ឋមន្ត្រីមានភាពរវល់ណាស់ បើប្រៀបធៀបនឹងពេលសម្តេចធិបតី មិនទាន់ជានាយករដ្ឋមន្ត្រី។

សូមជម្រាបថា សម្តេចធិបតី បានក្លាយជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០​២៣​កន្លងទៅ ក្រោយទទួលបានការគាំទ្រ​ពី​ប្រជា​ជន និងរដ្ឋ​សភា ឱ្យដឹកនាំរាជរដ្ឋាភិបាលនីតិកាលថ្មី៕