(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរំលឹករឿងរ៉ាវមួយថា នៅពេលសម្ដេចចាប់កំណើតក្នុងផ្ទៃបាន៧ខែ ត្រូវជាប់នៅកន្លែងឃុំឃាំងជាមួយអ្នកម្ដាយ គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយនៅពេលសម្ដេចកើតចេញមក មានម្ដងនោះមានជំងឺក្ដៅខ្លួនខ្លាំង រហូតពេទ្យជំនាន់ខ្មែរក្រហមណែនាំឲ្យម្ដាយត្រៀមចិត្ត ដោយសារគ្មានថ្នាំសង្កូវ។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់ប្រៀបធៀបភាពខុសគ្នារវាង ទារកនៅសម័យប្រទេសជាតិកំពុងតែអភិវឌ្ឍន៍ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព និងកាលពីជំនាន់សម្ដេចនៅទារក ពេលប្រទេសកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលលំបាកសព្វគ្រប់បែបយ៉ាង។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទារកសម័យនេះ ទទួលបានការគាំពារសុខភាព ជាមួយម្ដាយតាំងពីខ្លួនចាប់កំណើតនៅក្នុងផ្ទៃ ខុសពីជំនាន់សម្ដេចនៅពេលកើតមកសូម្បីតែថ្នាំសង្កូវក៏គ្មាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជំនាន់ខ្ញុំប៊ិសស្លាប់ម្ដង ដោយសារគេអត់មានថ្នាំហើយក្ដៅខ្លួនខ្លាំង ម្ដាយក៏អត់មានថ្នាំសង្កូវស្រួលបួលទេ។ គេមកប្រាប់ម៉ែ (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ពេទ្យខ្មែរក្រហមថា មិត្តអើយត្រៀមខ្លួនទៅ ត្រៀមចិត្តទៅ។ កូនទី១ កើតមកបងរបស់ខ្ញុំត្រូវស្លាប់ ដោយសារពេទ្យប្រហែសធ្លាក់ នៅសល់មួយទៀត ឥលូវក្ដៅខ្លួនអត់មានថ្នាំ ត្រៀមចិត្តទៅ»។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ចង់ប្រៀបធៀបថា សម័យស្រុកមានសុខសន្ដិភាព សូម្បីតែកូននៅក្នុងផ្ទៃនៅឡើយ ក៏ទទួលបានការគាំពារសុខភាពជាមួយម្ដាយ ក្នុងនោះមានទាំងការពិនិត្យសុខភាព ផ្ដល់អាហារូបត្ថម្ភ វ៉ាក់សាំងបង្ការផ្សេង ដែលជួយដល់ការការពារសុខភាពផងដែរ។ ពោលផ្ទុយទាំងស្រុង នៅពេលដែលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម រឿងរ៉ាវទាំងអស់នេះ ត្រូវបានគេមើលរំលង៕