(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឥលូវយើងធ្វើយ៉ាងម្ដេច ឲ្យអាចរត់បានល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដឹកទំនិញបានមួយចំនួន»

បន្ថែមពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្ដេចនឹងឲ្យសិក្សា អំពីការកាត់បន្ថយតម្លៃ ដឹកជញ្ជូនតាមផ្លូវ ហើយបើសិនជាផ្លូវដែកនេះ ធ្វើរួចរាល់ យើងនឹងដឹកទំនិញបានច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ឡានមួយដឹកបានតែមួយទូ ប៉ុន្ដែមួយរទះភ្លើងដឹកបានទូច្រើន ដែលមានប្រវែងពី១គីឡូ ទៅ២គីឡូដី ដែលនេះជាយុទ្ធសាស្ដ្រ ក្នុងការបង្កើនការដឹកទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លើសពីនោះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្ដធ្វើហេដ្ឋារចនាសម្ព័ន្ធ ព្រោះថា ហេដ្ឋារចនាសម្ព័ន្ធ វាជួយនៅក្នុងការកាត់បន្ថយ តម្លៃដឹកជញ្ជូន និងជួយឲ្យសេដ្ឋកិច្ច មានការកើនឡើងផងដែរ៕