(ភ្នំពេញ)៖ កម្លាំងជំនាញនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាង ៣នាក់ និងថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនិយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីគនរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:១៥នាទី កម្លាំងរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យ (ក៤) ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀន នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAOCHUN)ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧, ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣ និង៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤ ។ វត្ថុតាងដែលដកហូតបានរួមមាន៖ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ១៤៤ក្រាម) និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ២២៦ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ៕