(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីត្រូវបានធ្វើឡើងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ដេចធិបតីបានឱ្យដឹងថា ដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនហើយដែរ ពិសេសនៅឆ្នាំ២០១១ សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី។

សម្ដេចធិបតីបានបន្តថា បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងវាស់វែងបានជាង៧លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន២លានក្បាលដី នៅសល់៥លានក្បាលដីទៀតដែលត្រូវចែកបណ្ណកម្មសិទ្ធិឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី បានដាក់ចេញគោលការណ៍យុទ្ធសាស្ត្រ ហើយសម្ដេចធិបតីក៏បានចារឯកភាពផ្ដល់គោលការណ៍រួចហើយដែរ។

សម្ដេចធិបតីបានណែនាំឱ្យប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ដើម្បីបំពេញកិច្ចការចែកបណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យបានលឿន កុំឱ្យកកស្ទះ ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់៕