(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរគុណចំពោះអគ្គមហាឧបាសិកាមហាសទ្ធម្មជោតិកធជៈ សុខ អ៉ឹម ព្រមទាំងបុត្រ និងចៅ ដែលបានចូលបច្ច័យចំនួន ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដើម្បីកសាងអគារសិក្សា និងសាលប្រជុំថ្មីនៃពុទ្ធិកសាកលវិទ្យាល័យ។

អគារថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះដែរ មានបណ្តោយ ២៣.៥៥ ម៉ែត្រ ទទឹង ១៧.៥ ម៉ែត្រ កម្ពស់៤ ជាន់ សម្រាប់គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យបានបំពេញការងារ និងសមណនិស្សិត និស្សិតបានសិក្សារៀនសូត្រ សំដៅបន្តជួយការអភិវឌ្ឍធនធានមនុស្សជាឧត្តមប្រយោជន៍សង្គមជាតិឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ៍។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្ដមសិក្សាពុទ្ធសាសនាដំបូង និងឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងទល់មុខព្រះបរមរាជវាំង និងសាលសន្និសីទចតុមុខ លេខ ៣៩៣ តិរវិថី ព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានលម្អិត៖
Page: Sīhanoukrāja Buddhist University
Link: https://www.facebook.com/SBU.officail
ព័ត៌មានសម្រាប់ទំនាក់ទំនងៈ ០១២ ៤៨ ៧៦ ៩៨ / ០៩២ ៩៤ ៧៧ ២២