(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ រួមមាន បសុព្យាបាលខេត្ត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានដុតកម្ទេចោលសាច់ខូចគុណភាពជិត២តោន ដែលបង្ក្រាបបាននៅស្រុកអូរជ្រៅ។
លោក ហុង លៀង អនុប្រធានទទួលបន្ទុកស្ថិតិ និងទីផ្សារសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា «នៅរសៀលថ្ងៃនេះ កម្លាំងរបស់យើងក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចចំរុះ បានដុតកម្ទេចចោលសាច់ខូចគុណភាពចំនួន២០០កញ្ចប់ ស្មើនឹង១៨០០គីឡូក្រាម ដែលត្រូវបានបង្ក្រាបបានកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកវិស្វកម្ម ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ម៉ាក នីសាន់ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខសៀមរាប 2A-4100 លួចដឹកសាច់ទ្រូងជាប់ឆ្អឹងចំនួន២០០កញ្ចប់ ដែលមានទម្ងន់ចំនួន១៨០០គីឡូក្រាម ព្រមទាំងធ្វើការឃាត់ខ្លួនអ្នកបើករថយន្ត និងអ្នករួមដំណើរ២នាក់ ដែលពួកគេបានរកស៊ីដឹកឲ្យអ្នករកស៊ីចឹញ្ចឹមក្រពើ នៅខេត្តសៀមរាប៕