(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែបន្ដទុកថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់ដល់កម្លាំងមានសមត្ថកិច្ច ដូច្នេះហើយដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមចំណែកថែរក្សាសន្ដិុសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែទទួលបានការបណ្ដុះបណ្ដាលជំនាញសំខាន់ៗបន្ថែមទៀតជាបន្ដបន្ទាប់។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥៤ ដល់ភ្នាក់ងារសន្ដិសុខឯកជន។ ពិធីបើកវគ្គបំប៉នជំនាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយដែលបានរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងន័យនេះដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។

បើតាមលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន, ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នេះពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេសគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា២៤/២៤ម៉ោង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអំពាវវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា។ លើសពីនេះ ត្រូវមានកិច្ចសហការល្អជាមួយ សមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងម្ចាស់សហគ្រាសគ្រឹះស្ថាន ដែលតែងតែចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបំពាក់បំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់។ ការបំពាក់បំប៉ននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ភ្នាក់ងារសន្តិសុខឯកជន ឲ្យយល់ដឹងច្បាស់ពីតួនាទីភារកិច្ច និងច្បាប់ ដែលត្រូវអនុវត្តជាប្រចាំថ្ងៃ។

សូមជម្រាបថា នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលពួកគេកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃ ក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕