(ព្រះវិហារ)៖ អ្នកខេត្តព្រះវិហារបានលួចបង្ហើបអោយដឹងថានៅក្នុងខេត្តនេះអស់រយៈពេលជាង១ឆ្នាំមកហើយមាន ឈ្មួញពីរនាក់ឪពុកនិងកូនបានចូលខ្លួនមករកសុីឈើក្រហម ដែលជាប្រភេទឈើធ្វើសំណង់(ឈើលេខ២) ស្ទើតែប៉ាវផ្ដាច់ទៅហើយក្រោមរូបភាពម៉ៅការឈូសឆាយដីព្រៃសម្បទានអោយកូនថ្នាក់ដឹកនាំ ដែលមានដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្តនោះ តែធាតុពិតគឺកាប់ឈើនៅក្នុងតំបន់ព្រៃអភិរក្សយកទៅអារដឹកលក់តែប៉ុណ្ណោះ។
អ្នកខ្សឹបបានលួចបង្ហើបអោយដឹងថាពីរនាក់ឪពុកនិងកូននោះ គឺឪពុកគេហៅឈ្មោះវ៉ាង ខ្លះហៅវ៉ាងលី ដោយគេដឹងថា ជាមន្ត្រីមេព្រៃឈរជើងនៅខាងដែនសមុទ្រឯណោះ តែមិនសូវទៅកន្លែងធ្វើការប៉ុន្មាននោះទេ ព្រោះជាប់រវល់ទៅរកសុី ឈើក្រហមដែលជាប្រភេទឈើសំណង់នៅខេត្តព្រះវិហារ។ ចំណែកកូនឈ្មោះចិត្រហើយក៏ធ្វើជាមន្ត្រីនគរបាល សេដ្ឋកិច្ចផងដែរ។ បច្ចុប្បន្នឪពុក និងកូនទាំងពីរនាក់ខាងលើនេះបានចាប់ដៃគ្នារកសុីឈើក្រហមកាប់ អារ ដឹកយកមកលក់ អោយតាមដេប៉ូនៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត ដែលមិនមានព្រៃឈើ ដោយក្នុងនោះអ្នករកសុីឈើក្រហមណា ដែលមិនត្រូវជាមួយពីរនាក់ឪពុកកូននេះ គឺរកសុីដឹកចេញពីខេត្តព្រះវិហារមិនរួចឡើយ ច្បាស់ជាសមត្ថកិច្ចចាប់ជាមិនខាន ព្រោះពីរនាក់ឪពុកនិងកូននេះជាអ្នកប៉ាវប្រមូលលុយយកទៅបង់អោយសមត្ថកិច្ចផ្សេងៗទៀត។
អ្នកដឹងរឿងបានអោយដឹងថា មូលហេតុដែលឈ្មោះវ៉ាងមានសិទ្ធិរកសុីកាប់ អារ និងដឹកឈើក្រហមយកមកលក់នៅភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតបាន ព្រោះតែកូនរបស់គាត់មានក្រុមហ៊ុនទទួលបានសិទ្ធិឈូសឆាយដីព្រៃសម្បទានអោយក្រុមហ៊ុនមួយដែលគេអះអាងថាជារបស់កូនថ្នាក់ដឹកនាំមួយរូប។ ប៉ុន្តែអ្នកដឹងរឿងបានអះអាងថាតាមពិតដីព្រៃសម្បទាននោះបច្ចុប្បន្នគ្មានឈើអោយកាប់
ទៀតនោះទេ តែឈ្មួញឈ្មោះវ៉ាងបានប្រើប្រាស់ឥទ្ធិពលឈ្មោះកូនថ្នាក់ដឹកនាំប្រើប្រជាពលរដ្ឋចូលទៅកាប់ឈើ ពីតំបន់ព្រៃអភិរក្សដឹកយកមកអារនៅលើដីព្រៃសម្បទានរួចហើយដឹកចេញយកមកលក់តែម្ដងដោយជ្រកក្រោមផ្លាកច្បាប់ដឹកជញ្ជូនដឹកមិនចេះរីងស្ងួត។
អ្នកខេត្តព្រះវិហារអះអាងថាបច្ចុប្បន្នការរកសុីកាប់ និងដឹកជញ្ជូនឈើប្រណីតនៅខេត្តព្រះវិហារមិនមានទ្រុងទ្រាយធំដូចមុនទៀតនោះទេ តែបើឈើក្រហមរបស់ឈ្មួញឈ្មោះវ៉ាង ឬហៅវ៉ាងលីវិញមានដឹកស្ទើរាល់យប់ក្រោមល្បិចកាត់ស្តុក២០ម៉ែត្រគូប តែដឹក៤០ទៅ៥០ម៉ែត្រគូបឯណោះ។
អ្នកតូចតាចបានសំណូមពរទៅថ្នាក់លើ ជាពិសេសលោករដ្ឋមន្ត្រីកសិកម្មឡើងថ្មីល្មមបញ្ចប់ការរកសុីតាមរបៀបកន្ទេលធំបន្លំដែករបស់ឈ្មួញពីរនាក់ ឪពុកនិងកូនឈ្មោះវ៉ាង និងឈ្មោះចិត្រ នៅខេត្តព្រះវិហារនេះហើយ៕